(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងបរិវេណវត្តនន្ទមុនី លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងប្រធានអនុសាខាកាកបាទក្រហមខណ្ឌ រួមដំណើរដោយ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងមន្ត្រីអនុសាខាកាក បាទក្រហមខណ្ឌ បាននាំយកអំណោយ សង្គ្រោះ របស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនបងប្អូន ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា អ្នករស់នៅជាមួយរោគអេដស៍ ចំនួន ៤១គ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឌី រ័ត្នខេមរុណ បានលើកពីការ ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា និងលោក ប៉ា សុជាតិវង្ស ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បើទោះបីជាលោកមិនបានមកដោយផ្ទាល់ក៏ដោយ ក៏លោកតែងណែនាំ អោយមន្ត្រីក្រោមឱវាទ ចុះមកជួប និងជួយដោះស្រាយដល់ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្សេងបានទាន់ពេលវេលា ។
លោកអភិបាលរងបានថ្លែងថា បេសកកម្មរបស់កាកបាទក្រហម ធ្វើសកម្មភាពមិនប្រកាន់និន្នាការនយោបាយនោះទេ គឺឈរលើគោលការណួមនុស្សធម៌ មិនថាគណបក្សប្រឆាំង ឬគណបក្សប្រជាជនកម្ពុជា ឬគណបក្សណា ក្រុមណាទេ អោយតែប្រជាជួបនូវការលំបាកពិតប្រាកដ រងគ្រោះធម្មជាតិផ្សេងៗ គឺកាកបាទក្រហមនឹងទៅដល់ជួយភ្លាមៗ តែម្តង ។
លោក ឌី រ័ត្នខេមរុណ បានថ្លែងឲ្យដឹងថា អំណោយទាំងនេះ គឺបានត្រឹមតែជួយមួយគ្រាៗប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់នោះសូមបងប្អូនខិតខំរកស៊ីខ្លួនឯងបន្ថែមទៀត ជៀសវាងដាច់ខាតកុំប្រព្រឹត្តល្បែងស៊ីសងឲ្យសោះ។
ជាមួយគ្នានោះ លោកអភិបាលខណ្ឌក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងនោះចាំបាច់ត្រូវតែបញ្ជូនកូនៗទៅសាលារៀន ដើម្បីឲ្យពួកគាត់ទទួលបាននូវចំណេះដឹង ព្រោះចំណេះដឹង គឺជាឃ្លាំងទ្រព្យរបស់យើង ។ ជុំវិញនិងបញ្ហានេះផងដែរ លោក បានផ្តំាផ្ញើទៅកាន់ប្រជាពលរដ្ឋថា ប្រសិនបើជួបការលំបាក ឬពុំមានលទ្ធភាព និងបញ្ជូនកូនទៅសាលាសុំរាយការណ៍មកសាលាខណ្ឌ ដើម្បីមានវិធានការជួយ ឲ្យក្មេងៗមានឱកាសរៀនសូត្រដើម្បីអនាគតពួកគាត់ទៅថ្ងៃមុខ។
លោកអភិបាលរងខណ្ឌមានជ័យ ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានឲ្យដឹងថា អំណោយ ដែលត្រូវយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋទីទ័លក្រ ទាំង ១៥គ្រួសារ ដោយក្នុងមួយគ្រួសារ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ឧបត្ថម្ភ និងអង្ករ ៣០ គីឡូក្រាម, មី ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអីុវ១យួរ, ទឹកសុទ្ឋ, ត្រីខកំប៉ុង ១យួរ និងឃីតមួយកញ្ចប់ (មុង ភួយ ក្រមា សារុង) ព្រមទាំង ថវិកា ៣ម៉ឺនរៀលផងដែរ ។
ទន្ទឹមនឹងបានទទួល អំណោយនេះផងដែរ អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ សូមថ្លែង អំណរ គុណដល់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងលោកអភិបាលរងខណ្ឌ ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាក បាទក្រហខណ្ឌមានជ័យ ដែលតែងតែគិតគូរ និងបាននាំអំណោយមកចែកជូនដល់ពួកគាត់ ដែលកំពុងតែ ជួបនូវការខ្វះខាតដូចពេលនេះ ៕