(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិ អន្ដរជាតិកូរ៉េ (KOICA) និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ បានចុះហេត្ថលេខាប្រគល់-ទទួល អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ជូនទៅដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលមានតម្លៃ១០.១លានដុល្លារអាមេរិក។

ការប្រគល់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនេះ ត្រូវបានចុះហេត្ថលេខាដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Jeong YunGil  តំណាងទីភ្នាក់ងារសហប្រតិបត្តិការ អន្ដរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា។

ការផ្ដល់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនេះ ធ្វើឡើងក្នុងគោលបំណង ចូលរួមការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលអាចទទួល យកបាន របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតឲ្យមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងកម្មវិធីបង្កើនសមត្ថភាពដើម្បីធានា បាននូវសុខសន្ដិភាព សុវត្ថិភាពប្រសិទ្ធិភាព គុណភាព និងសេវាកម្មដឹកជញ្ជូនផ្លូវអាកាសក្នុងស្រុក និងអន្ដរជាតិ ធ្វើឲ្យប្រសើរទាំងបរិមាណ និងគុណភាពធនធានមនុស្សអាកាសចរស៊ីវិល។

លោក ម៉ៅ ហាវណ្ណាល់  បានថ្លែងថាការផ្ដល់ជូនអគារហ្វឹកហ្វឺននេះ គឺមានសារៈសំខាន់ណាស់ សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស។

លោកបានឲ្យដឹងទៀតថា សារៈសំខាន់សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ទាក់ទាងនឹងវិស័យអាកាសចរស៊ីវិល ដោយសារ មជ្ឈមណ្ឌល នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ និងផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងបទពិសោធន៍អាកាសចរស៊ីវិល លើកកម្ពស់និងផ្លាស់ប្ដូរ ធនធានបច្ចេកវិទ្យា និងជំនាញ សម្រួបសម្រួលដល់កិច្ចសហប្រតិបត្តិការ បច្ចេកទេសកម្រិតតំបន់ អន្ដរតំបន់ និងពិភពលោក សម្រួលលើក កម្ពស់ ដល់ការបណ្ដុះបណ្ដាលមូលដ្ឋានជាន់ខ្ពស់ និងអនុវត្តន៍ការងារផ្ទាល់ លើវិស័យអាកាសចរស៊ីវិល។

លោក Jeong Yun Gil នាយក KOICA ប្រចាំ​​ប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ជំនួយអភិវឌ្ឍន៍របស់ KOICA បានគាំទ្រនូវកម្មវិធីអភិវឌ្ឍន៍​​ជា​​ច្រើនក្នុងប្រទេសកម្ពុជា។ ចំនួនសរុបជំនួយអភិវឌ្ឍន៍របស់ KOICA ជួយដល់កម្ពុជាមានចំនួន២០៣លានដុល្លារ​​ក្នុងចន្លោះឆ្នាំ១៩៩១ ដល់ឆ្នាំ២០១៦។

លោកបានបន្ថែមទៀតថា ចំណងមិត្តភាពរវាង​​កម្ពុជា និងកូរ៉េត្រូវបានពង្រឹងកាន់តែខ្លាំងជាងមុន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែល KOICA ​យកចិត្តទុកដាក់ និងបានផ្ដល់ជំនួយចំនួន២៣លានដុល្លារក្នុងឆ្នំា២០១៦នេះ ដែលធ្វើឲ្យប្រទេស ​កម្ពុជាក្លាយជាប្រទេស ដៃគូអភិវឌ្ឍន៍ ទទួលនូវជំនួយច្រើនជាងគេទី២ របស់ KOICA លើពិភពលោក៕