(បាងកក)៖ ប៉ូលិសថៃ បានឱ្យដឹងនៅថ្ងៃអង្គារ នេះថា ខ្លួនកំពុងរឹតបន្តឹងសន្តិសុខនៅតាមទីតំាង សំខាន់ៗជាច្រើននៅក្នុងទីក្រុង បាងកក ក្នុងនោះរួមមានទំាងអាកាសយានដ្ឋាន និងតំបន់ជាច្រើន ផ្សេងទៀតនៅតាមបណ្ដាខេត្តមួយចំនួន ដោយសារតែរបាយការណ៍មួយបានព្រមានថា អាចនឹងមាន ការវាយប្រហារបំផ្ទុះគ្រាប់បែកសាជាថ្មី ហើយដែលការព្រមាននេះធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារផ្ទួនៗ នៅឯតំបន់ថៃភាគខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។
ប្រធានក្រុមប្រឹក្សាសន្តិសុខថៃ លោក Thawip Netniyom បានថ្លែងប្រាប់អ្នកសារព័ត៌មាននានាថា មានជនប្រដាប់អាវុធមួយក្រុម បាននិងកំពុងរៀបចំគំរោងវាយប្រហារ នៅក្នុងខេត្តមួយ ក្បែរទីក្រុង បាងកក ខណៈប៉ូលិសថៃបានទទួលបទបញ្ជាឱ្យតាមដាន និងត្រួតពិនិត្យយ៉ាងល្អិតល្អន់ចំពោះវត្ថុ ឬ រថយន្ដសង្ស័យ ដែលគេអាចប្រើប្រាស់ដើម្បីអនុវត្តន៍ ផែនការបំផ្ទុះគ្រាប់បែកណាមួយ។ ប៉ុន្តែព្រមពេល ជាមួយគ្នា លោក Thawip Netniyom មិនបានបញ្ជាក់ឡើយថាក្រុមណា ជាអ្នកនៅពីក្រោយ គំរោងដឹកនំាការវាយប្រហារនេះ។
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៥ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅកណ្ដាលទីក្រុង បាងកក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និង ជាច្រើននាក់បានរងបួស ព្រមទំាងបាន ធ្វើឱ្យប៉ះពាល់យ៉ាង ខ្លាំងដល់វិស័យទេសចរណ៍ថៃ។ ចំណែកឯជនជាតិដើមភាគតិច អ៊ុយហ្គ័រ ពីរនាក់ ត្រូវបានចាប់ខ្លួន និងកាត់ទោស ពីបទនៅពីក្រោយការវាយប្រហារនេះ៕