(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានដាក់ដំណើរការម៉ាស៊ីនត្រួតពិនិត្យ បច្ចេកទេសយានយន្តចល័ត (ម៉ាស៊ីនឆៀករថយន្តចល័ត) ជាលើកដំបូងនៅកម្ពុជា។ ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តនេះ នឹងធ្វើដំណើរទៅកាន់តែកៀកលំនៅឋានរបស់ប្រជាពលរដ្ឋ ដើម្បី ជួយសម្រួល និងលើកទឹកចិត្តដល់ម្ចាស់យានយន្តឲ្យយកយានយន្ត ទៅត្រួតពិនិត្យបច្ចេកទេសបង្កើនសុវត្ថិភាពក្នុងពេលបើកបរ។
ពិធីដាក់ឲ្យដំណើរការម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តជាលើកដំបូងនេះ ត្រូវបានធ្វើឡើងទីនៅទីតាំងត្រួតពិនិត្យបច្ចេកទេសយាន យន្តចំការដូង ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ ការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានហៅការដាក់ឲ្យដំណើរការម៉ាស៊ីនត្រួតពិនិត្យ យានយន្តចល័តនេះថា ជាប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងការផ្តល់សេវាត្រួតពិនិត្យ បច្ចេកទេសយានយន្ត ដែលមិនធ្លាប់មានពីមុនមក។ លោក ស៊ុន ចាន់ថុល ថា ការដាក់ឲ្យដំណើរការ ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តនេះ គឺជាការបង្ខិតសេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត ឲ្យទៅកាន់តែកៀកផ្ទះរបស់ ប្រជាពលរដ្ឋ។
បើតាមលោក ស៊ុន ចាន់ថុល ការដាក់ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសចល័តនេះ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យយកយានយន្ត ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា ការត្រួតពិនិត្យបច្ចេកទេសយានយន្ត ក៏ជាចំណុច សំខាន់ផងដែរ ក្នុងកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅលើដងវិថី។
លោក ចាន់ តារា អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ម៉ាស៊ីនត្រួតពិនិត្យយាន យន្តចល័តនេះមានតម្លៃប្រមាណ ៣០ម៉ឺនដុល្លារ ហើយមានសមត្ថភាពត្រួតពិនិត្យបច្ចេកទេសយានយន្តដូចទៅនឹងម៉ាស៊ីនអចល័តផង ដែរ ហើយក្នុងមួយថ្ងៃអាចត្រួតពិនិត្យបានប្រមាណ ១៣៦គ្រឿង។
ដើម្បីបង្កើនសេវាត្រួតពិនិត្យបច្ចេកទេសយានយន្តឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្រសួងគ្រោងនឹងនាំយកម៉ាស៊ីនត្រួតពិនិត្យលក្ខ ណៈបច្ចេកទេសយានយន្តចល័ត ចំនួនពីរគ្រឿងបន្ថែមទៀតមកពីប្រទេសកូរ៉េ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ តារា។
លោក ចាន់ តារា បានឲ្យដឹងថា ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័តនេះ នឹងធ្វើដំណើរចុះទៅតាមបណ្តាខេត្ត ក៏ដូចជាតាម ស្រុកផងដែរ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត របស់ប្រជាពលរដ្ឋ ហើយកាលបរិច្ឆេទនៃការចុះត្រួតពិនិត្យ នឹងមានការជូន ដំណឹងនៅតាមទំព័រ Facebook របស់ក្រសួង។
លោក ចាន់ តារា បានបញ្ជាក់ផងដែរថា ការត្រួតពិនិត្យបច្ចេកទេសយានយន្តត្រូវធ្វើឡើង ៤ឆ្នាំម្តងសម្រាប់រថយន្តថ្មី ហើយរថយន្តមួយ ទឹកត្រូវធ្វើឡើង ២ឆ្នាំម្តង នេះសម្រាប់រថយន្តលក្ខណៈគ្រួសារ។ ដោយឡែករថយន្តធំៗ រថយន្តថ្មីត្រូវធ្វើឡើង ២ឆ្នាំម្តង ហើយរថយន្តមួយ ទឹក ត្រូវធ្វើមួយឆ្នាំម្តង។
បើតាមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន បានឲ្យដឹងថា ក្រៅពីម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័ត ដែលដាក់ឲ្យដំណើរ ការនៅព្រឹកថ្ងៃទី១១ ខែតុលា នេះ បច្ចុប្បន្នកម្ពុជា មានម៉ាស៊ីនត្រួតពិនិត្យអចល័តចំនួន ១០កន្លែងផងដែរ មាននៅក្នុងរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង សៀមរាប កំពង់ស្ពឺ ព្រះសីហនុ ក្រចេះ ព្រះវិហារ កំពង់ឆ្នាំ ហើយនៅខេត្តរតនគិរី កំពុងសាងសង់។
លោក ចាន់ តារា បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរថយន្តចុះបញ្ជីចំនួន ៥៣ម៉ឺនគ្រឿងចាប់តាំងពីឆ្នាំ១៩៩០មក ហើយរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ មានរថយន្តប្រមាណ ២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ត្រូវបានយកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស៕