(រតនគិរី)៖ វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី នៅថ្ងៃទី១១ ខែតុលានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយច្រានចោលព័ត៌មាន ដែលបង្ហោះលើកបណ្តាញសង្គម Facebook ថា នៅខេត្តរតនគិរី មានកើតឡើងករណីជំងឺ Zika ដោយលោកអះអាងថា «ព័ត៌មានបង្ហោះក្នុង Facebook គឺជារឿងមិនពិតឡើយ រហូតមកដល់ពេលនេះ នៅទូទាំងខេត្តរតនគិរី ពុំមានករណីវីរុស Zika នៅឡើយទេ»។
ប្រធានមន្ទីរដដែល បានបញ្ជាក់ថា ចំពោះទារកដែលបង្ហោះនៅក្នុងបណ្តាញសង្គម Facebook ដែលបានកើតឡើងនៅភូមិតឹន ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានម្តាយឈ្មោះ ស្មាន់ តេម៉ាស់ អាយុ២០ឆ្នាំ នោះគ្រាន់តែជាករណីខុសពីធម្មតាមួយ ដែលមកពីម្តាយមានជំងឺដែលនាំ ឈាមមិនគ្រប់គ្រាន់ដល់ទារក ពុលសារធាតុគីមី និងការប្រើប្រាស់ឱសថច្រើនក្នុងអំពេលមានផ្ទៃពោះ។
មន្ទីរសុខាភិបាលខេត្តសូមបញ្ជាក់ថា មន្ទីរមានប្រព័ន្ធតាមតាន សុខាភាពដ៏ល្អមួយ ដែលគ្រប់ករណីជំងឺទាំងអស់ដែលមានរាយការណ៍ មកត្រូវបានស្រាវជ្រាវនិងអន្តរាគមន៍ជាបន្ទាន់៕