(មូស្គូ)៖ ការរឹតចំណងមិត្តភាពទ្វេភាគរវាង រុស្ស៊ី និង តួកគី គឺជាគោលដៅចម្បងគេនៅក្នុងរបៀបវារៈ នៃដំណើរបំពេញទស្សនកិច្ចរបស់ ប្រធានាធិបតីលោក Vladimir Putin ទៅកាន់ប្រទេសតួកគី ដោយនៅក្រោយជំនួបពិភាក្សារវាងលោក Putin និងប្រធានាធិបតីតួកគីលោក Recep Tayiyp Erdogan ថ្នាក់ដឹកនាំទាំងពីរ បានសន្យាថា នឹងរួមគ្នាធ្វើយ៉ាងណា ឲ្យចំណងទាក់ទងរវាង តួកគី-រុស្ស៊ី វិលទៅរកសភាពល្អដូចដើមវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។
លោក Putin បានថ្លែងថា «យើងបានព្រមព្រៀងគ្នាថា នឹងបង្កើនចំណងទាក់ទងរវាងប្រទេសទាំងពីរ ឲ្យមានប្រក្រតីភាពឡើងវិញ» ខណៈលោកប្រធានាធិបតីតួកគី បានបញ្ជាក់ទាំងមានទំនុកចិត្តថា «ការពង្រឹងចំណងទ្វេភាគីរវាង ទីក្រុង មូស្គូ-អង់ការ៉ា នឹងបន្តទៅមុខយ៉ាងរលូន»។
គួរបញ្ជាក់ដែរថា ទំនាក់ទំនាក់រវាងរុស្ស៊ីនិងតួកគី បានជួបភាពល្អក់កខ្វល់កាលឆ្នាំមុន នៅពេលដែល ប្រទេសតួកគី បានបាញ់ទម្លាក់យន្តហោះ Su-24 របស់ប្រទេសរុស្ស៊ី នៅលើព្រំដែនតួកគី-ស៊ីរី ដែលទង្វើនេះត្រូវបានលោក Putin ហៅថា «ជាការចាក់ពីក្រោយខ្នង» និងបានបញ្ជាឲ្យដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុង អង់ការ៉ា ដែលបានបណ្តាលឲ្យសេដ្ឋកិច្ចតួកគី ធ្លាក់ចុះជាខ្លាំង។ ទំនាក់ទំនងដែលកំពុង វិលទៅរកភាពល្អប្រសើរនេះ បានកើតឡើងអំឡុងពេលដែល ទំនាក់ទំនង តួកគី ជាមួយ អាមេរិក កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ទាក់ទងនឹងរដ្ឋប្រហារថ្ងៃទី១៥ ខែកក្កដា៕