(ស្វាយរៀង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់អង្គភាព Fresh News ថា ករណីក្រឡាប់រថយន្តដឹកកម្មករនៅក្រុងបាវិត ខេត្តស្វាយរៀង កម្មករដែលរងរបួសកើនឡើងដល់ ៥៤នាក់ ក្នុងនោះមាន៧នាក់រងរបួសធ្ងន់ធ្ងរ និង៤៧នាក់រងរបួសស្រាលកំពុងជួយ សង្គ្រោះ និងសម្រាកនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកជីភូ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា នៅថ្ងៃទី១១ ខែ១០ ឆ្នាំ២០១៦ វេលាម៉ោង៦៖៣០នាទី នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានករណីរថយន្តដឹកកម្មករ រអិលធ្លាក់ផ្លូវក្រឡាប់ ដោយសារការបើកលឿនត្រង់ផ្លូវបត់ របួសសរុប៥៤នាក់ (របួសធ្ងន់៧នាក់ ស្រាល៤៧នាក់) ។
លោកបន្តថា ក្នុងចំណោមអ្នករបួសទាំងនោះ បានសម្រាកនៅមន្ទីរពេទ្យខេត្ត២៣នាក់ (របួសធ្ងន់៧នាក់) និងសម្រាកនៅមន្ទីរពេទ្យ បង្អែកជីភូ ក្រុងបាវិត ៣១នាក់ (របួសស្រាល)៕