(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ «ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា​ទ។

ក្នុងកិច្ចប្រជុំនេះ​ លោករដ្ឋមន្ត្រី​ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈើ ត្រូវគ្រប់គ្រង​និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ​ ដើម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់​បទដ្ឋាននានា​ កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ​ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់​ និងជំងឺឆ្លងផ្សេងៗ។

ទន្ទឹមនឹងនេះ លោក ឌិត ទីណា​ បានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ ក្នុងការតាមដានយកចិត្តទុកដាក់ពិនិត្យជំងឺឆ្លងនានា​ នៃការចិញ្ចឹមត្រចៀកកាំនេះឱ្យបានជាប់លាប់​ ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម​ ជាពិសេសជំរុញដល់ការនាំចេញកាន់តែមានប្រសិទ្ធភាព​ និងសុវត្ថិភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនេះដែរ​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ ត្រូវស្រាវជ្រាវ​ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំ នៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ​ (Batch Management) ឱ្យមានភាពច្បាស់លាស់​ មានភាពម្ចាស់ការ​ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង​ និងមានភាពងាយស្រួលក្នុងការតាមដាន​តាមប្រព័ន្ធ សម្រាប់បម្រើដល់ការនាំចេញ៕