(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកនយោបាយចាស់វស្សាឆ្លងកាត់ច្រើន សម័យកាលនៅកម្ពុជា បានចាត់ទុកការរៀបចំធ្វើបាតុកម្មប្រឆាំង ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ពីសំណាក់លោក ហុង លីម អ្នកតំណាងរាស្រ្តអូស្រ្តាលី ក្នុងរដ្ឋវីកតូរៀ គឺជាការ ឆោតល្ងង់ នៃការរៀនធ្វើនយោបាយ និងជាការវង្វេងនៃភាពចាស់ជរារបស់លោក ហុង លីម តែម្តង។

ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី សេរី កុសល បានធ្វើឡើង បន្ទាប់ពីលោក ហុង លីម រួមនិងពលរដ្ឋខ្មែរនៅអូស្ត្រាលីមួយចំនួន ដែលគេអះអាងថា មាននិន្នាការគាំទ្រគណបក្សសង្រ្គោះជាតិ ជាបក្សប្រឆាំងនៅកម្ពុជា បានធ្វើសកម្មភាពតវ៉ាស្ទើរគ្រប់ទីកន្លែង ដែល លោក ហ៊ុន ម៉ាណែត ធ្វើពិធីជួបសំណេះសំណាល ឬ ពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី។

ក្រុមអ្នកធ្វើបាតុកម្មដឹកនាំដោយលោក ហុង លីម បានប្រើពាក្យអសុរសជាច្រើនជេរប្រមាថទៅលើ លោក ហ៊ុន ម៉ាណែត ក៏ដូចជាអ្នក ចូលរួមនៅក្នុងពិធីសំណេះសំណាលទាំងនោះ។ បើទោះបីរស់នៅលើប្រទេសដែលថ្លៃថ្នូរ តែក្រុមបាតុករអូសទាញ ដោយលោក ហុង លីម ត្រូវបានគេបង្គាប់ឲ្យហៅអ្នកចូលរួមជាមួយលោក ហ៊ុន ម៉ាណែត ថា «ខ្មោចស៊ីពែ» ហើយមានក្រុមបាតុករខ្លះទៀត បានជេររៀលដាល ដល់អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថែមទៀតផង។

លោក សេរី កុសល បានចាត់ទុកទង្វើរបស់លោក ហុង លីម និងក្រុមបាតុករអូសទាញដោយលោក ហុង លីម គឺជាការធ្វើឲ្យប្រទេសជាតិ រងភាពអាម៉ាស និងធ្លាក់នូវតម្លៃសិលធម៌របស់ជាតិសាសន៍ខ្មែរ ដែលគេចាត់ទុកជាអ្នកជាតិសាសន៍មានសីលធម៌ថ្លៃថ្នូរ។

លោក សេរី កុសល បានបញ្ជាក់ដូច្នេះ «មានដើមកំណើតជាខ្មែរហើយរស់នៅក្នុងប្រទេសដែលអួតថាជាប្រទេសបិតាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ប៉ុន្តែពួកគេបែរបង្ហាញឲ្យបរទេស ជាម្ចាស់ប្រទេសអាម៉ាស់ ចំពោះការជេរប្រមាថលាបពណ៌យុវជនម្នាក់ជាជាតិខ្លួន និងអ្នកដែលបានបោះឆ្នោតឲ្យខ្លួនថាជាអ្នក [ស៊ីពែរ] បក្សកាន់អំណាចនៅកម្ពុជា។ ចរិកតែមួយដូចពួកគេជាមេនៅកម្ពុជាដែលលាបពណ៌ឲ្យ ជនរួមជាតិ ដែលមិនស្រឡាញ់បក្សគេថាជា [យួន] ដូច្នោះដែរ។ ពិតជាការគួរឲ្យអាណិតអាសូរដល់បងប្អូនខ្មែរមួយចំនួន ដែលត្រូវពួកអ្នក នយោបាយខិលខូចខ្លះដែលបន្តបំពុលបំភៃ្លព័ត៌មានពីកម្ពុជា និងខ្លាចភ័យបារម្ភការនាំយកព័ត៌មានពិតដោយយុវជន ហ៊ុន ម៉ាណែត ពីកម្ពុជាមកជំរាបជូនបងប្អូនខ្មែរ និងបរទេស នៅទីនោះ។ ឆ្មាធ្លាប់រលាកទឹកក្តៅខ្លាចទឹកត្រជាក់»

លោកទេសរដ្ឋមន្រ្តី សេរី កុសល បានថ្លែងកោតសរសើរលោក ម៉ាណែត ដែលជាពន្លកថ្មី នៃគណបក្សប្រជាជនកម្ពុជាដ៏មាន ប្រជាប្រិយភាពថា នៅក្មេង ប៉ុន្តែក្លាហានហ៊ានចូលរូងខ្លា ដើម្បីចាប់ខ្លា។ លោក សេរី កុសល បានហៅចរិតរបស់លោក ហ៊ុន ម៉ាណែត ថា កាត់រកឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។

លោកទេសរដ្ឋមន្រ្តី គូសបញ្ជាក់ដូច្នេះ «នេះជាការស្វែងយល់ការពិតក្នុងដំណើរប្រឡូកក្នុងឆាកនយោបាយនៅកម្ពុជា។ ខ្ញុំចង់ ប្រាប់លោក ហុង លឹមថា លោកពិតជាអត់បានការ ចេញដំណើរភ្លាម គឺលោកចាញ់យុវជនដ៏ក្មេងម្នាក់ពីកម្ពុជាទៅហើយ។ ពិតជារលកក្រោយច្រាន រលកមុខមែន ហើយនេះជាកូនអ្នកដែលលោកស្អប់ ចុះទំរាំជាមួយឪពុកគេ ខ្ញុំគិតថាគីឡូលោកនៅ ឆ្ងាយណាស់។ បើខ្ញុំជាលោកវិញខ្ញុំនិង នាំគ្នាចូលជួប ម៉ាណែត និងដាក់សំណួរជាច្រើន ដើម្បីឲ្យអស់ចម្ងល់កុំឲ្យគេយល់ថា លោកមានការស្អប់គុំគួនសួរពូជជាបុគ្គលផ្ទាល់ខ្លួន និងផ្កាប់មុខ។ ខ្ញុំគិតថា នេះគឺគំនិតជួយជាតិនាជីវិតចុងក្រោយ។ ប្រាវូ! យុវជនបន្តវេនទាំងអស់ សូមហាត់រៀនតាម ហ៊ុន ម៉ាណែត»