(សៀមរាប)៖ នារសៀល ថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក André Pastrana Arango ប្រធានអង្គការ​អ្នក​ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) និងគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ IDC-CDI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈ​កម្មា​ធិការ​ប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នៅខេត្តសៀមរាប។

ក្នុងឱកាសនៃជំនួបនោះ លោកប្រធានអង្គការ IDC-CDI បានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី និងដឹកនាំប្រទេសសម្រេច​បានលទ្ធផល​ជាច្រើន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបាន​ធ្វើជា​ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ នាពេលនេះ។

លោកប្រធានអង្គការ IDC-CDI ក៏បានកោតសសើរប្រទេសកម្ពុជាដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ​ ព្រមទាំងបាន​ជម្រាបជូនសម្តេចបវរធិបតីបន្ថែមថា គណៈប្រតិភូជាច្រើន ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ មានគោលបំណងរួមមួយ គឺការកសាងសន្តិភាព។ គណៈប្រតិភូទាំងអស់សង្ឃឹមថា នឹងទទួលបានបទពិសោធន៍បន្ថែមទៀតពីប្រទេសកម្ពុជា ដែល​បាន​សម្រេចនូវសន្តិភាពដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានោះ លោកប្រធានអង្គការ IDC-CDI និងជាអតីតប្រធានាធិបតីនៃប្រទេសកូឡុំប៊ី ក៏បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបាន​ជួយគាំទ្រក្នុងកិច្ចការបោសសម្អាតមីន នៅក្នុងប្រទេសកូឡុំប៊ីផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះអង្គការ IDC-CDI ដែលបាន​ចូលរួម​សង្កេត​ការបោះឆ្នោតនៅកម្ពុជានាពេលកន្លងមក និងផ្ដល់យុត្តិធម៌ដល់ការបោះឆ្នោត​បែបប្រជាធិប​តេយ្យ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសកម្ពុជា។ 

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ នាពេលនេះ ប្រព្រឹត្តទៅនៅចំពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើន ហើយកិច្ចប្រជុំនេះបានក្លាយជាវេទិកាសម្រាប់ទាំងអស់គ្នាក្នុងការកសាងនូវការតភ្ជាប់ ក៏ដូចជាទំនាក់ទំនងគ្នាបន្ថែមទៀត និងផ្ដល់កាលានុវត្តភាព ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗមួយចំនួនផងដែរ។

សម្ដេចបវរធិបតី និងគណៈប្រតិភូអង្គការ IDC-CDI ក៏បានពិភាក្សា និងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់អង្គការ IDC-CDI ផងដែរ៕