(ភ្នំពេញ)៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ ២០២៤។ នេះបើតាមសារលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងសារលិខិត បានសរសេរថា «តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីរំភើប រីករាយ និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ ២០២៤ ដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤»។
ការសម្រេចបានជោគជ័យ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយសរុបចំនួន ២៤៨គ្រឿង រួមមាន៖ មេដាយមាស ១២៧គ្រឿង មេដាយប្រាក់ ៧២គ្រឿង និងមេដាយសំរឹទ្ធ ៤៩គ្រឿង នាពេលនេះ គឺជាមោទនភាពរបស់ក្រសួងមហាផ្ទៃ ដែលកីឡាករ កីឡាការិនីទាំងអស់ បានឆ្លៀតពេលពីការបំពេញភារកិច្ចស្នូលចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយបានយកអស់កម្លាំងកាយចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ប្រឹងប្រែងហ្វឹកហាត់រហូតទទួលបាន ជោគជ័យជូនក្រសួង និងបានរួមចំណែកលើកស្ទួយកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។
ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីទាំងអស់ សូមបន្តនូវកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកជ័យជម្នះក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នាពេលខាងមុខ៕