(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង និងក្រុមការងារ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកីឡាករចំណុះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» នៅវត្តឯករង្សី ស្ថិតនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលទើបធ្វើដំណើរវិលត្រឡប់មកពីប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្នាក់នាំ មន្រ្តីរាជការ កងកម្លាំង ព្រះសង្ឃ កីឡាករចំណុះទូក និងប្រជាពលរដ្ឋចូលរួមហែរក្បួនទូកជុំវិញក្រុងបាត់ដំបង ហើយហែឆ្ពោះទៅវត្តឯករង្សីវិញ ដើម្បីរក្សាទុកក្នុងវត្តដោយយកចិត្តទុកដាក់ថែរក្សាខ្ពស់បំផុតផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតរយៈពេលបីថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ បានបញ្ចប់ ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ទទួលបានចំណាត់ថ្នាក់លេខ៥ ផ្នែកល្បឿនលឿនទូទាំងប្រទេស និងជ័យលាភីផ្នែកសោភ័ណភាពល្អជាគេផងដែរ៕