(ព្រះវិហារ)៖ លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ទទួលបន្ទុកតំបន់ការពារធម្មជាតិ បានថ្លែងថា ការប្រមូលផលអនុផលព្រៃឈើក្នុងតំបន់ការពារដោយគ្មានលិខិតអនុញ្ញាត គ្មានការអនុញ្ញាតិជាអំពើល្មើសច្បាប់ ជនប្រព្រឹត្តទល្មើសត្រូវតែប្រឈមមុខចំពោះផ្លូវច្បាប់។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក មាស ញឹម បានឱ្យដឹងថា ៖មន្ទីរបរិស្ថានខេត្តព្រះវិហារមិនមានការអនុញ្ញាតច្បាប់ឱ្យជនណាម្នាក់កាប់ដើមទ្រាំងដែរ ប៉ុន្តែបើសិនជាសមាជិកសហគមន៍កាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារមិនអីទេ គឺមានការយោគយល់ ប៉ុន្ទែបើឈ្មួញកាប់ ឬក៏មានអ្នកកាប់លក់ឱ្យឈ្មួញធ្វើអាជីវកម្ម គឺមិនបាននោះទេ។

លោក មាស ញឹម បានបន្តថា ប៉ុន្មានថ្ងៃនេះ មានលេចឮព័ត៌មានថាមានករណីកាប់ដើមទ្រាំងនៅស្រុកឆែប និងស្រុកជ័យសែន ប្រមូលលក់ទៅឱ្យឈ្មួញ ដើម្បីនាំចេញទៅប្រទេសវៀតណាម។ ករណីនេះ លោកបានណែនាំឱ្យមន្ត្រីរបស់លោកចុះល្បាតឃ្លាំមើលដែរ ប៉ុន្តែមិនបានជួបប្រទះនោះទេ ហើយនៅថ្ងៃនេះដែរ លោកក៏នៅតែដាក់បទបញ្ជាដល់មន្ត្រីត្រូវឃ្លាំមើលករណីនេះ កុំធ្វេសប្រហែសឱ្យសោះ បើរកឃើញថាសកម្មភាពនេះស្ថិតក្នុងតំបន់ការពារធម្មជាតិ ដែលក្រសួងនិងមន្ទីរបរិស្ថាន គឺត្រូវអនុវត្តនីតិវិធីចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជាសហគមន៍ទាំងអស់ បើសិនជាជួបករណីមានការកាប់បំផ្លាញដើមទ្រាំងធ្វើអាជីវកម្ម ក៏ដូចជាការកាប់បំផ្លាញធនធានធម្មជាតិនៅក្នុងតំបន់ការពារ សូមរាយការណ៍មកលោកជាបន្ទាន់ ដើម្បីមានវិធានការដឹកនាំកម្លាំងចម្រុះបង្រ្កាបឱ្យទាន់ពេលវេលា៕