(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ។ ផ្ទុយទៅវិញ មានតែក្រុមអ្នកប្រឆាំងនោះទេ ដែលលែងទុកចិត្តគ្នា ហើយបែកបាក់គ្នា។

តាមរយៈវេទិកាសារព័ត៌មានលើកទី៥ ស្ដីពី​ «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ប៉ែន បូណា បានគូសបញ្ជាក់ថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា បានបើកលំហរសិទ្ធិសេរីភាពគ្រប់គ្រាន់ ទាំងសិទ្ធិនៃការបញ្ចេញមតិ និងសិទ្ធិផ្នែកនយោបាយ កុំឲ្យតែបុគ្គលនោះបំពានសិទ្ធិអ្នកដទៃ និងបំពានច្បាប់។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «សព្វថ្ងៃនេះកម្ពុជា មានការបែកបាក់មែន ប៉ុន្ដែជាការបែកបាក់ផ្នែកតូចមួយនៅក្នុងចំណោមអ្នកប្រឆាំងគ្នាគាត់។ ពោលបែកបាក់តាំងពីនៅគ្នាច្រើន រហូតដល់ក្លាយជាជំរាកតូចៗហើយនៅបន្ដបែកបាក់គ្នាទៀត។ ប៉ុន្ដែកុំលាតត្រដាងថានោះជាការបែកបាក់ជាតិឲ្យសោះ ជាតិកម្ពុជាទាំងមូលមានការឯកភាពគ្នាល្អណាស់។ ដំណាក់កាលនេះអត់និយាយអំពីការផ្សះផ្សាបង្រួបបង្រួមជាតិនោះទេ»

បើតាមលោក ប៉ែន បូណា, ដំណាក់កាលនៃការផ្សះផ្សាជាតិ ត្រូវបានធ្វើរួចរាល់អស់ហើយ ដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ពោលបានធ្វើតាំងពីទស្សវត្សឆ្នាំ៨០មកម្ល៉េះ រហូតដល់ចុងទស្សវត្សឆ្នាំ៩០ ដោយបានសម្រេចលទ្ធផលជោគជ័យទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៉ីវិល នាំមកនូវសន្ដិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

លោក ប៉ែន បូណា បានផ្ដាំផ្ញើដល់ក្រុមប្រឆាំងជ្រុលនិយម កុំចាត់ទុកទស្សនៈខុសគ្នាខាងផ្នែកនយោបាយថា ជាការបែកបាក់ជាតិឲ្យសោះ។ លោកពន្យល់ថា ក្នុងប្រទេសប្រជាធិបតេយ្យការយល់ខុសគ្នាខាងផ្នែកនយោបាយ ឬអ្នកដែលមាននិន្នាការខុសគ្នា តែងធ្វើការជជែកគ្នាតឹងតែង ដែលនេះជារឿងធម្មតារបស់ប្រទេសប្រជាធិបតេយ្យ។

រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា អ្នកនយោបាយប្រឆាំងជ្រុលនិយមទាំងឡាយ និងអ្នកវិភាគនៅក្រៅស្រុក ត្រូវគិតគូរឡើងវិញ ដោយបញ្ឈប់ការនិយាយអ្វីដែលកន្លងហួសសម័យ។ ដោយឡែក ចំពោះសេរីភាពនយោបាយ និងសេរីភាព នៃការបញ្ចេញមតិវិញ លោកយល់ឃើញថា កម្ពុជាមានពេញលេញមិនខ្វះចន្លោះបន្ដិចណាសោះឡើយ តែសុំតែម្យ៉ាង គឺកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំពានច្បាប់៕