(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្វាយលិខិតថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលបានផ្ញើសារប្រទានពរដល់សម្តេច នៅក្នុងឱកាសខួបចម្រើនជន្មាយុ ថ្ងៃទី១៨ ខែវិច្ឆិកា។

ក្នុងសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នាខ្ញុំម្ចាស់មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលព្រះរាជសារលិខិតជូនពរចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសារធុការពរបវរមហាប្រសើរ ព្រមជាមួយនឹងកន្ត្រកផ្កាដ៏ស្រស់ស្អា ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់ខ្ញុំម្ចាស់ នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤»

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបន្ដថា៖ «ខ្ញុំម្ចាស់សូមលំឱនកាយគោរព និងសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតសម្តែងថ្វាយនូវសេចក្តីអំណរព្រះរាជ គុណដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើ ដែលពិតជាមានអត្ថន័យសម្រាប់ខ្ញុំម្ចាស់ នៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសតេជះបារមី និងព្រះរាជហឫទ័យសណ្តោសប្រោសប្រទាននៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាល អង្គសម្តេចម៉ែ តែងប្រទាននូវការគាំទ្រលើកទឹកចិត្តជាអតិបរមាចំពោះខ្ញុំម្ចាស់ក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ជារៀងរហូតមក»

ជាថ្មីម្តងទៀត សម្តេច និងក្រុមគ្រួសារ សូមលើកហត្ថប្រណម្យបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមប្រោសព្រះរាជទានព្រះរាជសព្ទសាធុការពរជ័យ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីគង់ជាម្លប់ដល់កូនចៅគ្រប់រូបជានិច្ចនិរន្តរ៍តទៅ៕