(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតី ដឹកនាំមន្ត្រីរាជការ រៀបចំពិធីក្រុងពាលី សាងសង់ទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ដើម្បីលើកសោភ័ណភាពខេត្ត ឡើងមួយកម្រិតថែមទៀត ក៏ដូចជាទុកសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យ ឬពិធីសាសនាផ្សេងៗក្នុងខេត្ត។
បើតាមការលើកឡើងរបស់លោក សរ សុពុត្រា បានឱ្យដឹងថា ទីលានតេជោសន្តិភាព និងវេទិការនាគជ័យ នឹងធ្វើឲ្យក្រុងស្ទឹងត្រែងកាន់តែមានសោភ័ណភាពឡើងមួយកម្រិតថែមទៀត ហើយការរៀបចំទីលាននេះឡើងក្នុងគោលបំណង សម្រាប់ប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាឬផ្សេងៗ របស់ខេត្ត ជាពិសេសអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្ត ឬហាត់ប្រាណនៅលើទីលាននេះផងដែរ។
យោងទៅតាមគម្រោងដាក់បង្ហាញ ទីលានតេជោសន្តិភាព និងវេទិការនាគជ័យនេះ និងធ្វើឡើងលើទីតាំងចាស់សួនច្បាមុខសាលាខេត្តស្ទឹងត្រែង រាប់បញ្ជូលទាំងទីតាំង សួនច្បារ អគាហាត់សម សិល្បៈរបស់ខេត្តផងដែរ។
លោក សរ សុពុត្រា បានឲ្យដឹងថា ទីលានតេជោសន្តិភាពនិងវេទិការនាគជ័យ នេះនិងត្រូវធ្វើឲ្យរួចរាល់មុនការឈានចូលមកដល់នៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ នាពេលខាងមុខនេះ អ្វីដែលពិសេស ការរៀបចំសង្ក្រានសម្រាប់ឆ្នាំថ្មី២០២៥ខាងមុខនេះ ក៏និងត្រូវធ្វើឡើងនៅលើទីលានតេជោសន្តិភាព និងវេទិការនាគជ័យនេះតែម្តង។
បន្ថែមពីលើនេះដែរ លោក សរ សុពុត្រា បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីរៀបចំទីលានតេជោសន្តិភាព និងវេទិការនាគជ័យនេះរួចរាល់ហើយ លោកនិងបន្តរៀបចំនូវសួនច្បារថ្មីៗបន្ថែមទៀតដូចជា សួនសម្តេចបរវធិបតី ទល់មុខអង្គមាស និងសួនសន្តិភាពស្ថិតនៅលើផ្ទៃដែលជាអតីតការ៉ាស់សាំងចាស់ ទល់មុខសួនច្បារសាលាខេត្តផងដែរ។
គួកត់សំគាល់ថា លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក្រោយពីបានឡើងកាន់តំណែងជាអភិបាលខេត្តរួចមកបានរៀបចំកែលម្អរ ជួសជុល និងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ក្នុងក្រុងស្ទឹងត្រែង ឲ្យកាន់តែមានសោភ័ណភាពស្រស់ស្អាតជាបន្តបន្ទាប់ ព្រមទាំងបានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សួនច្បារ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភណភាពក្រុងស្ទឹងត្រែងឱ្យកាន់តែមានភាពស្រស់បំព្រងរស់រវើកដើម្បីទាក់ទាញអ្នកទេសចរឲ្យបានកាន់តែច្រើនឡើងផងដែរ៕