(ភ្នំពេញ)៖ គូស្វាមី-ភរិយាថ្មីជាជនពិការភ្នែកទាំងមួយគូ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ថវិកាចំនួន៥ពាន់ដុល្លា ទុកជាចំណងដៃជូនពួកគេក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី១៤ ខែវិច្ជិកា ឆ្នាំ២០២៤ កន្លងទៅនេះ។

គូស្វាមី-ភរិយាជាជនពិការភ្នែកទាំងគូ (ប្តីក៏ពិកាភ្នែកទាំងគូ ប្រពន្ធក៏ពិកា) ដែលបានរៀបអាពាហ៍ពិពាហ៍នេះ គឺកូនប្រុសនាម ណោង វុទ្ធី ដែលមានទីលំនៅដ្ឋានស្ថិតនៅឃុំ កំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ និងកូនស្រីនាម សឿន ស្រីទូច ដែលមានទីលំនៅដ្ឋាននៅភូមិពួកថ្មី ឃុំពួក ស្រុកថ្មពួក ខេត្ដសៀមរាប។ ពួកគេបានរៀបអាពាហ៍ពិពាហ៍នៅគេហដ្ឋានខាងស្រី ស្ថិតនៅស្រុកថ្មពួក ខេត្ដសៀមរាប។

សូមជម្រាបថា លោក ណោង វុទ្ធី ជាកូនកំព្រា ឪពុកម្ដាយតាំងតែពីតូច រស់នៅក្នុងមជ្ឃមណ្ឌលអង្គការគ្រួសារថ្មី នៅខេត្ដបាត់ដំបង ដែលមានកម្រិតវប្បធម៌ បរិញ្ញាប័ត្រផ្នែក អក្សរសាស្រ្ដខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានប្រឡងជាប់ជាមន្រី្ដរាជការនៅក្រសួងព័ត៌មាន នៅក្នុងកំឡុងឆ្នាំ២០១២។ លោកក៏ធ្លាប់បានចូលរួមសិក្សាដោយមិនបង់ថ្លៃ នៅក្នុងវគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលព័ត៌មាន Fresh News (FTC) ផងដែរ នៅឆ្នាំ២០២៤នេះ ដោយទទួលបានអាហារូបករណ៍ ១០០ភាគរយ ពីលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News និង CoolApp។

ចំណែកឯ លោកស្រី សឿន ស្រីទូច មានងប្អូនចំនួន៤នាក់ ជាកូនទី២ នៃគ្រួសារ ដែលមានកម្រិតវប្បធម៌តូចទាប ដោយសារតែស្រុកទេសកើតមានសង្រ្គាម។ ដោយសារតែពិការភាពផង ធ្វើឱ្យគាត់សម្រេចចិត្ដបង់បោះការសិក្សា និងមានការអាក់អន់ចិត្ដនឹងមានពិការភាពរបស់ខ្លួន ព្រមទាំងអ្នកដល់ដទៃមើលងាយផងថា ខ្លួនជាជនពិការភ្នែក ដែលមិនអាចធ្វើអ្វីបាន ដោយរស់នៅពឹងផ្អែកលើគ្រួសារ។ អ្នកស្រី សឿន ស្រីទូច ក៏បានសម្រេចចិត្ដទៅរៀនជំនាញម៉ាស្សា ចាប់សរសៃនៅទីក្រុងភ្នំពេញ។

លោក ណោង វុទ្ធី និងលោកស្រី សឿន ស្រីទូច ក៏បានសម្រេចចិត្ដចាប់ដៃគូ កសាងអនាគតជាមួយគ្នា៕