(កំពង់ស្ពឺ)៖ នៅចំពោះមុខមន្ត្រី UN ឯកអគ្គរដ្ឋទូតអូស្ត្រាលី មេទ័ពជប៉ុន មេទ័ពអូស្ត្រាលី ព្រមទាំងកងទ័ពមកពី ៨ប្រទេសផ្សេងទៀត ក្នុងពិធីបើកវគ្គគម្រោងត្រីភាគីកម្ពុជា កូរ៉េ និងអង្គការសហ​ប្រជាជាតិ​ (UNTPP) នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ បានបញ្ជាក់ថា ប្រជាជនកម្ពុជា និងរដ្ឋាភិបាល ស្អប់ខ្ពើមសង្គ្រាម និងបានយល់ច្បាស់ពីគុណបំណាច់នៃសន្តិភាព ដោយប្តេជ្ញាចិត្តការពារ និងថែរក្សា​ឱ្យបានទោះស្ថិតនៅក្នុងកាលៈទេសៈ ឬតម្លៃណាក៏ដោយ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរំលឹកឡើងថា នៅកំឡុងខែកញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីកងកម្លាំងមួកខៀវរបស់អង្គការសហប្រជាជាតិ (UN) បានដកចេញពីទឹកដីកម្ពុជា កងកម្លាំងយោធារបស់ខ្មែរក្រហម នៅតែវាយប្រហារមកលើប្រជាជនស្លូតត្រង់ ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ចុងឆ្នាំង១៩៩៨ ទើបកម្ពុជា បានស្គាល់ពន្លឺសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស។

ថ្លែងចេញពីលើវេទិកានៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (KPO) ដែលស្ថិត​នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាមួយនឹងសុខសន្តិភាព ដែលរកបានដោយលំបាកនេះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រជាជន និងប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ដោយមើលឃើញពីលើគ្រប់វិស័យ និងការស្អប់ខ្ពើមសង្គ្រាម ដែលបានបំផ្លាញ ប្រទេសឱ្យធ្លាក់ក្រោមចំណុចសូន្យ ពីអតីកាលនេះហើយទើបប្រជាជនបច្ចុប្បន្ន យល់ច្បាស់អំពីគុណបំណាច់នៃសន្តិភាព ប្តេជ្ញាចិត្តការពារ និងថែរក្សា​ឱ្យបានជាដាច់ខាតនៃសន្តិភាពនេះទោះក្នុងតម្លៃ ឬកាលៈទេសៈណាក៏ដោយ»។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា គុណបំណាច់ នៃសន្តិភាពដែលរកបានដោយលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី កម្ពុជា មានបំណងប្រាថ្នាចែករំលែកក្តីស្រឡាញ់ បទពិសោធន៍ ស្មារតីមនុស្សធម៌ ក្នុងន័យសំដៅរួមចំណែកសម្រាលការលំបាក ទុក្ខវេទនារបស់ប្រជាជននៅតាមបណ្តាប្រទេសដែលជួបប្រទះនឹងភ្លើងសង្គ្រាមនៅជុំវិញពិភពលោក។

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងថា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានបញ្ជូន​កង​កម្លាំង​ទាហាន​មួក​ខៀវ​របស់ខ្លួនទៅចូលរួមថែរក្សាសន្តិភាពពិភពលោកជាបន្តបន្ទាប់ ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​អង្គការ​សហប្រជាជាតិ ហើយតាមរយៈ​បេសកកម្ម​ដ៏​ធំ​នេះ​កម្ពុជា​បាន​ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​អន្តរ​ជាតិ​ ដោយសារតែកងទ័ពកម្ពុជាមានជំនាញច្បាស់លាស់លើកិច្ចការទាំងនេះ ថែមទាំង​អាច​ហ្វឹក​ហ្វឺន​ដល់ប្រទេសមួយចំនួនក្នុងតំបន់ផងដែរ​ ក្រោម​គម្រោង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​ដៃ​គូ ដូចជាប្រទេសជប៉ុន អូស្ត្រាលី កូរ៉េ ដោយមាន​ការ​សម្រប​សម្រួល​ពី​អង្គការ​សហ​ប្រជាជាតិ​នោះ​។​

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានបញ្ជាក់បន្ថែមថា ក្រៅពី​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បើក​វគ្គ​ហ្វឹក​ហ្វឺន​គម្រោង​ត្រី​ភាគី​កម្ពុជា កូរ៉េ និងអង្គការសហប្រជាជាតិ (UNTPP) ដោយមានប្រទេស​៨ចូល​រួ ​នាពេលនេះ កម្ពុជាក៏កំពុងរៀបចំដាក់ សំណើរ ទៅកាន់អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នាពេលខាង​មុខ​នេះ​ផ​ងដែរ ខណៈកិច្ចប្រជុំនេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់ រដ្ឋជាសមាជិក ដើម្បី​រួម​គ្នា​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួមមួយ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាព និង​ផល​​ប៉ះពាល់របស់ពួកគេលើសហគមន៍ដែលពួកគេបំពេញការងារនោះ។

សូមបញ្ជាក់ថា កម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះជាលើកទី២ ចំពោះវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា​-កូរ៉េ-អង្គការសហប្រជាជាតិ ខណៈវគ្គហ្វឹកហ្វឺនដល់សិក្ខាកាមជាតិ និងអន្តរជាតិនេះក្នុង​គោល​បំណងបង្កើនសមត្ថភាពលើជំនាញបច្ចេកទេសបញ្ជា-ថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ជាមួយការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់ នៃគ្រឿងផ្ទុះ/ គ្រឿងផ្ទុះកែច្នែ (IED/C-IED) ក្នុង​ពេល​ប្រតិបត្តិការ និងនីតិវិធីជួយសង្គ្រោះ នៅលើទីលាន ក្នុងដំណាក់កាលបឋមឱ្យមានគុណវុឌ្ឍិ និង​ស្ទាត់​ជំនា​ញដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បី​គាំទ្រដល់ប្រតិបត្តិការឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាម​តម្រូវ​ការ​របស់​បេសកកម្ម​អង្គការ​សហ​ប្រជាជាតិជាដើម។ វគ្គហ្វឹកហ្វឺនជាលើកទី២នេះ គឺមានសិក្ខាកាមមកពីប្រទេសចំនួន៨ ចូលរួមគឺកម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពី និងស្រីលង្កា ជាដើម៕