(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៨,៣០%ហើយ ផ្លូវជាតិលេខ៤៨នេះ ជាខ្សែផ្លូវដ៏សំខាន់និងយុទ្ធសាស្ត្រដែលប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

ក្រសួងសាធារណការ បានបញ្ជាក់ទៀតថា ក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពតាមការគ្រោងទុក ដោយការងារអ៊ុត AC នឹងគ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះ។

ទន្ទឹមនឹងដំណើរការការដ្ឋានកំពុងមមាញឹកខ្លាំងនេះ ក្រសួងសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាល​ឱ្យមានការលំបាកក្នុងការធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទួល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ៕