(ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅព្រឹកព្រលឹម ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការត្រួតពិនិត្យជនជាតិវៀតណាមចំនួន២៥នាក់ ដែលបានចូលមករស់នៅ និងធ្វើការខុសច្បាប់ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានរកឃើញថា មានជនជាតិវៀតណាម២៥នាក់ ក្នុងនោះស្រី៦នាក់ ដែលគ្មានឯកសារ រស់នៅ និងប័ណ្ណសម្គាល់ខ្លួន។
លោកឧត្តមសេនីយ៍ បញ្ជាក់ថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង២៥នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់តាមនីតិវិធី។
បើតាមលោកឧត្តមសេនីយ៍ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល កម្លាំងនគរបាលរបស់លោក បាននិងកំពុងប្រតិបត្តិការចុះត្រួតពិនិត្យទីកន្លែងស្នាក់នៅ និងធ្វើការរបស់ជនបរទេស ថាតើពួកគេមានច្បាប់ទម្លាប់ត្រឹមត្រូវដែរឫទេ ដើម្បីចាប់បញ្ជូនទៅកាន់ប្រទេសពួកគេវិញ។