(កំពង់ឆ្នាំង)៖ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បាននិងកំពុងតែប្រមូលផលស្រូវវស្សាដើមរដូវប្រកបដោយទឹកចិត្តសប្បាយរីករាយ ព្រោះតែទិន្នផលស្រូវឆ្នាំនេះទទួលបានផលល្អ ពិសសគឺតម្លៃស្រូវឆ្នាំនេះមានតម្លៃសមរម្យ ទាំងនេះគឺមកពីការយកចិត្តទុកដាក់ការលើកកម្ពស់នូវវិស័យកសិកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចង្អុលបង្ហាញអំពីបច្ចេកទេស និងការថែទាំដំណាំស្រូវឲ្យទទួលបានទិន្នផលល្អ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានចុះជួបជាមួយប្រជាកសិករ ដែលពួកគាត់កំពុងមមាញឹកក្នុងការប្រប្រមូលផលស្រូវវស្សាដើមរដូវ នៅចំណុចឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ខណៈនោះដែរប្រជាកសិករក៏បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មាន Fresh News អំពីទិន្នផលស្រូវ និងតម្លៃស្រូវឆ្នាំនេះឲ្យដឹងថា ចំពោះទិន្នផលស្រូវឆ្នាំនេះកន្លែងណាក៏ដូចកន្លែងណាដែរ គឺទទួលបានទិន្នផលខ្ពស់ ដោយសារតែឆ្នាំនេះដំណាំស្រូវទទួលបានរបបទឹកភ្លៀងគ្រប់គ្រាន់ដែលពុំមានការលិចលង់ ដែលធ្វើឱ្យស្រូវត្រូវរលួយខូចខាតនោះឡើយ។
ពួកគាត់បានបន្តឲ្យដឹងទៀតថា ប្រសិនបើពួកគាត់មានស្រែច្រើនឆ្នាំក្រោយ គឺធ្វើស្រែពូជស្រូវខ្សាយ (ស្រូវចម្រុះ) ធម្មតាតែល្មមសម្រាប់ហូបកុំឲ្យពិបាកទិញគេ ហើយស្រែនៅសល់គឺធ្វើស្រូវរំដួលទាំងអស់ព្រោះស្រូវប្រភេទរំដួលនេះ ងាយក្នុងការថែទាំហើយបានតម្លៃខ្ពស់ជារៀងរាល់ឆ្នាំថែមទៀតផង។
ចំពោះតម្លៃស្រូវគ្រប់ប្រភេទបើនៅរក្សាតម្លៃខ្ពស់ជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ប្រជាកសិករនិងមិនចំណាកស្រុកនោះឡើយគឺនាំគ្នាបង្កបង្កើនផលស្រូវឲ្យបានគ្រប់គ្នា ដើម្បីប្រមូលលក់ចេញឱ្យឈ្មួញកណ្ដាល ដោយសព្វថ្ងៃនេះ ឈ្មួញកណ្ដាលបានមកប្រមូលទិញដល់ផ្ទះឲ្យ តែមានស្រូវលក់មានប៉ុន្មានក៏ឈ្មួញប្រមូលទិញទាំងអស់ផងដែរ។
ក្នុងនាមជាប្រជាកសិករដែលមានមុខរបរធ្វើស្រែចំការ មិនភ្លេចនូវការថ្លែងអំណរគុណ និងដឹងគុណដោយអស់ពីចិត្តដល់រាជរដ្ឋាភិបាលដែលបានលើកកម្ពស់នូវវិស័យកសិកម្មជាចម្បងធ្វើឲ្យតម្លៃស្រូវមានតម្លៃថេរជារៀងរាល់ឆ្នាំ តែវាអាចចុះតម្លៃនៅដើមរដូវបន្តិចមែន តែវានឹងអាចឡើងថ្លៃជាបន្តបន្ទាប់នៅពេលដែលប្រជាកសិករប្រមូលផលរួច កត្តានេះបានធ្វើឲ្យកែប្រែជីវភាពប្រជាកសិករឲ្យមានជីវភាពធូរធារបានមួយកំរិតទៀត។ ជាចុងក្រោយពួកគាត់ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល មេត្តាជួយបញ្ចុះតម្លៃជីនិងប្រេងឲ្យបានចុះថ្លៃខ្លះនោះប្រជាកសិករពិតជាទទួលបានកម្រៃច្រើន។
ជុំវិញករណីខាងលើនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តម្លៃស្រូវក្នុងសប្តាហ៍នេះ គឺស្រូវក្រអូប(ស្ងួត)តម្លៃ១,៦៥០រៀល ក្នុង១គីឡូក្រាមខ្ពស់ជាងឆ្នាំ២០២៣ ចំនួន១០០រៀល ក្នុងមួយគីឡូក្រាម, ស្រូវចម្រុះ(ស្ងួត) ជាមធ្យមតម្លៃ១,៣០០រៀល ក្នុងមួយគីឡូក្រាម ទាបជាងឆ្នាំ២០២៣ចំនួន១០០រៀល ក្នុងមួយគីឡូក្រាម ស្រូវOM (សើម) តម្លៃ៩៥០រៀលក្នុង ១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២៣ចំនួន៤០រៀលក្នុង១គីឡូក្រាម៕