(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ណែនាំរដ្ឋបាលឃុំត្រូវធ្វើផែនការអភិវឌ្ឍន៍ដោយផ្ដោតលើសេដ្ឋកិច្ចប្រជាពលរដ្ឋជាអាទិភាព។
លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយជូនពលរដ្ឋក្រីក្រចំនួន៨៨គ្រួសារ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកបានអំពាវនាវប្រជាពលរដ្ឋទូទាំងស្រុកស្ទោងត្រូវខិតខំបង្កបង្កើនផលដាំដុះបន្លែបង្ការគ្រប់ប្រភេទព្រមទាំងធ្វើស្រែវស្សា និងស្រូវមិនប្រកាន់រដូវឱ្យអស់ពីលទ្ធភាពជាមួយប្រព័ន្ធធារាសាស្ត្រស្អេកស្កះ ដែលជាចំណងដៃ ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឆ្លើយតបនឹងគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយត្រូវបង្កើនការយកចិត្តទុកដាក់ ថែមទៀតដល់គ្រួសារស្ត្រីមេម៉ាយនិងគ្រួសារងាយរងហានិភ័យ ព្រមទាំងជនពិការ។
លើសពីនេះត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ និងកសាងនូវអគារសិក្សា នៅតាមសាលានានាបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងគុណភាពអប់រំព្រមទាំងកំណើនសិស្សានុសិស្សផងដែរ។
លោកបានអំពាវនាវដោយទទួចដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងសូមកុំប្រព្រឹត្តអំពើអនាធិបតេយ្យក្នុងការចូលទៅរុករានទន្ទ្រានឬកាន់កាប់ថ្មីៗ នូវដីព្រៃក្នុងតំបន់បីដែលជាតំបន់អភិរក្ស និងតំបន់ហាមឃាត់ដែលជាគោល នយោបាយ ក្នុងការក្សានូវធនធានធម្មជាតិ សម្រាប់ត្រីពងហើយលោកព្រមានធ្ងន់ៗដល់ជនទាំងឡាយណា ដែលហ៊ានល្មើសនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមាន។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៨៨គ្រួសារក្នុង១គ្រួសារៗ ទទួលបាននូវ៖ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៤៕