(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតជូនពរ ចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃទិវាសិរីមង្គលទិឃាយុគម្រប់៧២ ឈានចូល៧៣ឆ្នាំ របស់សម្តេចមហារដ្ឋ សភាធិការធិបតី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខ្ញុំ និងភរិយា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរសាទរយ៉ាងកក់ក្តៅ និងសូមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមសម ប្រកបដោយបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលរឹងមាំខ្លាំងក្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវការកោតសសើរ ចំពោះវីរភាពជាស្ត្រីដឹកនាំដ៏ឆ្នើម ឧត្តុង្គឧត្តម របស់ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ គតិបណ្ឌិតខ្ពស់ មានឆន្ទៈមោះមុត ស្វាហាប់ និងឈ្លាសវៃ លើដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ កាន់តែរឹងមាំ គួរជាទីមោទនភាពក្រៃលែង ដែលធ្វើឱ្យកិត្តិនាម និងកិត្តិស័ព្ទរបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ ត្រូវ បានលើកកម្ពស់កាន់តែល្បីល្បាញទាំងក្នុងតំបន់ និងនៅលើសកលលោក។
ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយ លើ លោក សូមប្រោះព្រំប្រទានពរជ័យ គ្រប់ប្រការ ជូន សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ សូម សមប្រកបតែនឹងព្រះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។