(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងថា ប្រទេសកម្ពុជាមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការកសាងសន្តិភាព ហើយកម្ពុជាខ្នះខ្នែងចែករំលែកវាជាមួយ ប្រទេសផ្សេងៗ ជាពិសេសប្រទេសដែលប្រឈមមុខនឹងជម្លោះប្រដាប់អាវុធដែលអូសបន្លាយ។
ក្នុងពិធីបើកវេទិកាពិសេសស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI នៅសណ្ឋាគារ Raffles Grand Hotel Angkor ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្រាក់ សោភ័ណ បានប្រសាសន៍ថា ដំណើរផ្លាស់ប្តូរពីសង្គ្រាមទៅកាន់សន្តិភាព គឺជាដំណើរការដ៏លំបាកមួយ ប៉ុន្តែមិនត្រូវបោះបង់ក្តីសង្ឃឹម ហើយខិតខំរួមគ្នាដើម្បី ស្វែងរកសន្តិភាព ដែលជាដំណោះស្រាយដ៏មានន័យចំពោះសង្គ្រាម។
លោកថា «នៅក្នុងវេទិកាពិសេសទីពីរថ្ងៃនេះ នឹងមានឱកាសពិភាក្សាអំពីសេចក្តីព្រាងធម្មនុញ្ញសន្តិភាព ដែលស្នើឡើងដោយប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព»។
អភិបាលខេត្តសៀមរាប បានបញ្ជាក់បន្ថែមថា ធម្មនុញ្ញសន្តិភាព គឺជាឧបករណ៍ច្បាប់មិនជាប់កាតព្វកិច្ចមួយ ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងជាសកលនូវសាមគ្គីភាព និងភាពជាដៃគូអន្តរជាតិ ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងវិបុលភាព។ វាឈរលើគោលការណ៍គ្រឹះនៃ (១) ឯកភាពក្នុងភាពចម្រុះ អ្នកជិតខាងល្អ ការមិនឈ្លានពាន និងមិនជ្រៀតជ្រែក (២) ការដោះស្រាយជម្លោះដោយសន្តិវិធី និង (៣) វប្បធម៌សន្តិភាព៕