(ភ្នំពេញ)៖ មួយគ្រួសារមានសមាជិក៥នាក់ បានរងនូវការភិតភ័យយ៉ាងខ្លាំង ដោយសារតែត្រូវបណ្តេញចេញពីផ្ទះ ដែលរស់នៅជាង៣០ឆ្នាំមកហើយ តាមរយៈអំណាចសាលដីការបស់តុលាការកំពូល។ នាងឈ្មោះ ចៅ យុគចាន់ ហៅ សាម ចាន់ អាយុ៣៥ឆ្នាំ និងប្តីឈ្មោះ សុច ច្រឹង អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួយអន្តរាគមន៍ផ្អាកការអនុវត្តសាលដីកាលេខ១០៦ «ជ» ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ៣៣៧ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ របស់តុលាការកំពូល និងស្វែងរកយុត្តិធម៌ឲ្យនាងខ្ញុំ ដោយសារនាងខ្ញុំរស់នៅលើផ្ទះនេះ ជាង៣០ឆ្នាំមកហើយ។
ឈ្មោះ ចៅ យុគចាន់ ហៅ សាម ចាន់ និង ប្តីឈ្មោះ សុច ច្រឹង បានរៀបរាប់ពីដំណើររឿងដូចតទៅ កាលពីអំឡុងឆ្នាំ១៩៨៦ លោកតា ចៅ យ៉ាំ និង ប្រពន្ធឈ្មោះ យិត ឡាង បានសុំនាងខ្ញុំ (សាម ចាន់) ឲ្យមករស់នៅជាមួយក្នុងនាមជាចៅ នៅផ្ទះសព្វថ្ងៃក្នុងភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបដូចការបញ្ជាក់ក្នុងសៀវភៅស្នាក់នៅលេខ២៤៤ ២/៩៩ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៩ ដែលកាលណោះនាងខ្ញុំមានអាយុ៦ឆ្នាំ ដោយជួយលក់ដូរតាយាយនៅផ្ទះ រហូតដល់អាយុ១៨ឆ្នាំ ពោលគឺនៅឆ្នាំ១៩៩៨ គាត់បានរៀបការនាងខ្ញុំជាមួយប្តីឈ្មោះ សុច ច្រឹង រហូតមានកូន៣នាក់ រស់នៅលើផ្ទះមានទំនាស់នេះ មកដល់សព្វថ្ងៃ ពោលគឺមានន័យថា នាងខ្ញុំបានរស់នៅផ្ទះទំនាស់នេះជិត៣០ឆ្នាំ ហើយ ដែលកិរិយានៃការកាន់កាប់នេះ អាចក្លាយជាអ្នកស្នងមរតក និងជាម្ចាស់កម្មសិទ្ធិ ឬជាភាគីមួយដែលមានសិទ្ធិក្នុងការទទួលមរតកនេះបាន (ឯកសារទី១)។
ចំណែកឈ្មោះ សោ ប៊ុនណារី និងប្តីឈ្មោះ យិត ខាវ មិនដែលរស់នៅផ្ទះនេះមួយថ្ងៃឡើយ។ អំឡុងពេលរស់នៅជាមួយលោកតា ចៅ យ៉ាំ និង លោកយាយ យិត ឡាង នោះ គាត់ពុំមានចែកទ្រព្យសម្បត្តិ ឬមរតកអ្វីមកឲ្យនាងខ្ញុំទេ ពោលគឺ ដីស្រែទំហំជាង១ហិចតា ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប នោះ គឺ គាត់បានប្រគល់ឲ្យម្តាយបង្កើតរបស់នាងខ្ញុំ ឈ្មោះ ឆាំ ជា ជាថ្នូរនឹងការយល់ព្រមឲ្យនាងខ្ញុំមករស់នៅជាមួយតាយាយ តាំងពីឆ្នាំ១៩៨៦ មកម្ល៉េះ (ឯកសារទី២)។
ដីសម្រាប់សាងសង់លំនៅស្ថានជាប់ផ្លូវជាតិទំហំ១០ម៉ែត្រគុណ នឹង៤០ម៉ែត្រ ស្ថិតនៅភូមិសំរោងខាងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប នោះ គឺជាដីដែលនាងខ្ញុំ និងប្តីបានខ្ចីប្រាក់ធនាគារតាំងពីឆ្នាំ២០០៧ មកទិញ ពោលគឺពុំមែនតាយាយ ចែកឲ្យនោះទេ។
ចំណែកតូបលក់ឥវ៉ាន់គ្រឿងចានឆ្នាំង នៅផ្សារសូទ្រនិគមនោះ ក៏ពុំមានដែរ ព្រោះសព្វថ្ងៃនាងខ្ញុំរកស៊ីលក់ដូរ បន្តិចបន្តួចនៅផ្ទះមានទំនាស់នេះតែម្តង (ឯកសារទី៣) ។ -ចំពោះលិខិតផ្ទេរសិទ្ធិគ្រប់គ្រងដីនិងផ្ទះ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០៥ ខុសទម្រង់ច្បាប់ភូមិបាលទាំងស្រុង ដោយមេឃុំបានសរសេរដោយដៃបញ្ជាក់ថា បានឃើញ និងឯកភាព នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៥ ពោលគឺពុំបានឃើញគូភាគីផ្តិតមេដៃចំពោះមុខទេ ហើយក៍ពុំមានហត្ថលេខាមេភូមិទេ ពិសេសឈ្មោះ សុច ច្រឹង បានចូលរួមផ្តិតមេដៃនោះ គឺជាការបំភ័ន្តទាំងស្រុង ដោយសារតែឈ្មោះ យិត ខាវ ប្រាប់ថាឲ្យផ្តិតមេដៃធ្វើ ប្លង់រឹងឲ្យតាយាយ ទើបឈ្មោះ សុច ច្រឹង ហ៊ានផ្តិតក្នុង លិខិតដែលគេរៀបចំរួចជាស្រេច ព្រោះក្នុងលិខិតនោះ គូភាគីបានផ្តិតរួចហើយ ទើបយកមកឲ្យឈ្មោះ សុច ច្រឹង ផ្តិតតាមក្រោយ ដោយមានការសរសេរដៃបំពេញបន្ថែម (ឯកសារទី៤)។
ការផ្ទេរសិទ្ធិនេះមានវិការៈដូចជា បើទទួលសិទ្ធិគ្រប់គ្រង ម្តេចមិនបញ្ចេញលិខិតនេះពេលដែលតាយានៅរស់ ហើយទុករំលងដល់រយៈពេល៩ឆ្នាំ កន្លងទៅ ទើបបញ្ចេញ។ បើផ្ទេរសិទ្ធិគ្រប់គ្រង ជារបៀបលិខិត បណ្តាំម្តេចមិនធ្វើចំពោះមុខមេភូមិនិងមេឃុំ។ បើការផ្ទេរសិទ្ធិគ្រប់គ្រងនេះ ធ្វើឡើងតាមប្រទានកម្ម ក៏មិនត្រឹមត្រូវដែរ ព្រោះមិនបានចុះបញ្ជីនៅសុរិយោដី តាមមាត្រា៨១នៃ ច្បាប់ភូមិបាល និង មាត្រា ៥៦៩ នៃក្រមរដ្ឋប្បវេណីដែរ។ ទោះបី តុលាការយល់ថា នាងខ្ញុំ មិនអាចទទួលសិទ្ធិផ្តាច់មុខលើទ្រព្យ មរតកនោះ ក៏គ្មាននរណាម្នាក់មានសិទ្ធិមកដេញឬលក់ទ្រព្យដែលនាងខ្ញុំប្រើប្រាស់ ផ្គត់ផ្គង់ ជាមរតកជននេះ ដែរ ដែលត្រូវការពារដោយមាត្រា៧៥ នៃច្បាប់ភូមិបាល។
ក្នុងលិខិតផ្ទេរសិទ្ធិគ្រប់គ្រងដីនិងផ្ទះនេះ មានភាពមិនប្រក្រតីដោយសារតែអ្នកទទួលសិទ្ធិ កាន់កាប់ដីនិងផ្ទះមានឈ្មោះ យិត ខាវ (កូនបង្កើតតា ចៅ យ៉ាំ និង យាយ យិត ឡាង) និងប្រពន្ធឈ្មោះ សោ ប៊ុនណារី ដែលត្រូវជាកូនប្រសារទៅវិញ គឺខុសនឹងការអះអាងរបស់លោក ផាន់ ច័ន្ទសាក់ មេធាវីតំណាងដោយអាណត្តិឲ្យឈ្មោះ យិត ខាវ និង ឈ្មោះ សោ ប៊ុនណារី ដែលមានក្នុងកំណត់ហេតុនីតិវិធីត្រៀម សម្រាប់ការទាញហេតុផល លើកទី២ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នៅសាលាដំបូងខេត្តសៀមរាប ថា «ដីដែលតាយាយឲ្យមកនេះមានបីចំណែក គឺ យិត ខាវ , ចៅ គីវ , និង ចៅ កឹង» ហើយលោកមេធាវីបានបន្ថែមថា « ដូច្នេះការផ្ទេរដីលក់ទៅឲ្យតតិយជនដោយមានឈ្មោះ យិត ខាវ ជាតំណាង «ប៉ុន្តែក្នុងសំណុំរឿងនេះមិនមានឈ្មោះ ចៅ គីវ និង ចៅ កឹង ធ្វើលិខិតផ្ទេរសិទ្ធិ ឲ្យធ្វើជាតំណាងទេ (ឯកសារទី៥) ។ ដូច្នេះដើម្បីបញ្ជាក់ឲ្យឃើញការពិត សុំឲ្យស៊ើបសួររកច្បាប់ដើម លិខិតផ្ទេរសិទ្ធិគ្រប់គ្រងដីនិងផ្ទះ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ លើស្នាមមេដៃរបស់តាយាយ។
ចំពោះកិច្ចសន្យាជួលផ្ទះចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៥ រឹតតែមានភាពមិនប្រក្រតី ព្រោះបានបំភ័ន្តឲ្យនាងខ្ញុំ និងប្តីឈ្មោះ សុច ច្រឹង ផ្តិតមេដៃធ្វើប្លង់រឹងឲ្យតាយាយ ។ ជាក់ស្តែងមិនដែលមកយកប្រាក់ថ្លៃ ឈ្នួលផ្ទះក្នុង១ខែ៥០ដុល្លារនេះទេ រហូតដល់តាយាយស្លាប់ ទើបបញ្ចេញលិខិតនេះមកប្តឹងពួកខ្ញុំទាំងពីរនាក់តែម្តង។
ពិសេសកិច្ចសន្យាជួលផ្ទះ និងលិខិតធ្វើសិទ្ធិគ្រប់គ្រងដីនិងផ្ទះមានការរៀបចំទុកជាមុនឲ្យស៊ីសង្វាក់គ្នា ព្រោះលិខិតផ្ទេរសិទ្ធិគូភាគីផ្តិតមេដៃនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០០៥ រីឯកិច្ចសន្យាជួលផ្ទះ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៥ ។ ចំណែកមេឃុំចុះហត្ថលេខាលើលិខិតទាំង២នេះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៥ (ឯកសារទី៦)។
ពិសេសឈ្មោះសោប៊ុនណារី និងប្តីឈ្មោះយិតខាវ បានអះអាងថា នាងខ្ញុំបានសុំជួលផ្ទះនេះនៅបណ្តោះអាសន្នទម្រាំផ្ទះសង់ហើយ តែតាមការពិត កាលពីឆ្នាំ២០០៥នោះ នាងខ្ញុំមិនទាន់ទិញដីទេ គឺទិញនៅឆ្នាំ២០០៧។ ដូច្នេះតើមានដីណាសម្រាប់សង់ផ្ទះនោះពោលគឺជាការប្រឌិតទាំងស្រុង (ឯកសារទី៧) ក្នុងសាលដីកាលេខ១០៦ “ជ“ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ របស់តុលាការកំពូល សន្លឹកទី២។
-ក្នុងពេលជំនុំជម្រះសំណុំរឿងនេះ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នោះ គឺនាងខ្ញុំបានទទួលដីកានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ហើយពុំបានចូលរួមទេ ដោយសារមេធាវីតំណាងដោយអាណត្តិរបស់នាងខ្ញុំឈ្មោះ ហ៊ាង ហុង បានដាក់ពាក្យសុំពន្យាពេល ដោយសារតែនាងខ្ញុំ ទើបបានពឹងពាក់ប្រគល់សិទ្ធិឲ្យគាត់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ពិសេសមេធាវីពុំទាន់បានថតចម្លងសំណុំរឿងមកសិក្សានៅឡើយ។ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ជាង១០ព្រឹក ទើបមេធាវីនាងខ្ញុំទទួលបានសំណុំរឿងថតចម្លង (ឯកសារទី៨)។ មូលហេតុនៃការយឺតយ៉ាវនេះដោយសារនាងខ្ញុំខ្វះខាតថវិកា។
រហូតមកដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ លោក ថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ឲ្យអនុវត្តដោយស្ម័គ្រចិត្តលើសាលដីកាលេខ១០៦ “ជ“ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ៣៣៧ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ របស់តុលាការកំពូល ដោយយោងលើពាក្យសុំអនុវត្តរបស់ឈ្មោះ ប្រាជ្ញ ហេង។ បន្ទាប់មកនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ លោក ជួន សុបញ្ញា រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះមកអនុវត្តសាលដីកាខាងលើនេះ ដោយបានធ្វើកំណត់ហេតុកំណត់ឲ្យយើងខ្ញុំ រុះរើផ្ទះចេញរហូតពេលមួយខែ ពោលគឺត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសម្តេចទាំងពីរ មេត្តាជួយផ្អាកការអនុវត្តសាលដីកាខាងលើនេះ និង ជួយស្វែងរកយុត្តិធម៌ឲ្យយើងខ្ញុំ ដោយក្តីអនុគ្រោះ ព្រោះនាងខ្ញុំបានរស់នៅលើផ្ទះនេះ អស់រយៈពេល៣០ឆ្នាំមកហើយ ហើយថែមទាំងមានប្តី និងកូន៣នាក់រស់នៅលើផ្ទះនេះ រហូតមកទល់បច្ចុប្បន្ន ដោយពុំមានទីលំនៅផ្សេងពីនេះទៀតឡើយ៕