(ភ្នំពេញ)៖ ថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាបានសិក្សាយ៉ាងលំអិត អំពីការចូលរួមជាមួយនឹងបណ្តាប្រទេសជាសមាជិករដ្ឋភាគី UNFCCC ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ ទៅលើកិច្ចការងារដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដ៏មានសារៈសំខាន់។
បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត ក្នុងនោះទី១ គឺយើងរួមគ្នា ជាមួយបណ្តាប្រទេសដទៃទៀត ដៃលមានដៃគូអភិវឌ្ឍន៍ អង្គការ អ្នកវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហា ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ, ទី២ រួមគ្នាទប់ស្កាត់ការកើនឡើងកំដៅនៅលើភពផែនដី កុំឱ្យលើសពី១,៥អង្សារ និងទី៣ គៀរគរថវិកា ឱ្យបាន១០០ពានលានដុល្លារ ក្នុង១ឆ្នាំ ដើម្បីយកថវិកា ទាំងអស់នេះមកជួយប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីកំឱ្យប្រទេសទាំងនោះជួបគ្រោះមហន្តរាយដោយសារការកើនឡើងកំដៅ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងបរិស្ថានកម្ពុជា ក្នុងដំណើរការចូលរួមក្នុងសន្និសីទលើកទី២៩ COP29 នៅអាស៊ែបៃហ្សង់ និងជម្រាបជូនបណ្តាប្រទេសទាំងអស់ដែលចូលរួមអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសកម្មភាពការងារកន្លងមក ទៅលើការទប់ស្កាត់ការកើនឡើងកំដៅផង ទប់ស្កាត់ការបំពុលបរិស្ថាន និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុផង។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា នៅក្នុងពេលបំពេញបេសកកម្មនៅក្នុងសន្និសីទ UNFCCC ក៏និងមានជំនួបទ្វេភាគីបន្ថែមទៀតដើម្បីកៀរគរ ការគាំទ្រដល់សកម្មភាពរបស់កម្ពុជា ដើម្បីយកមកជំរុញក៏ដូចជាលើកស្ទួយកិច្ចការងារទាំងអស់នេះ។
លោកបណ្ឌិត អ៊ាង សុផល្លែ បានបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា កំពុងតែអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព។ ការចេញដំណើរទៅកិច្ចប្រជុំនៅក្រៅប្រទេស គឺធ្វើយ៉ាងដើម្បីទំនាក់ទំនងជាមួយនឹងដៃគូក្រៅប្រទេស ភាគីក្រៅប្រទេសផង ក៏ដូចជាកៀរគរការគាំទ្រថវិកា ដើម្បីជំរុញធ្វើយ៉ាងណាឱ្យភាពស្អាត និងបៃតងមានចីរភាពតរៀងទៅ។
លោកបណ្ឌិតរដ្ឋមន្រ្តី បានបន្តថា ក្រសួងបរិស្ថានកម្ពុជា បានប្តេជ្ញាយកចិត្តទុកដាក់ត្រឹមតែវិស័យបរិស្ថាន ដោយធ្វើយ៉ាងណាឱ្យបរិស្ថានកម្ពុជាធានាបានការគ្រប់គ្រងបានល្អ រួមជាមួយពិភពលោកក៏ដូចជាអង្គការដៃគូផ្សេងៗទៀត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើសុំឱ្យមានការយកចិត្តទុកដាក់ទៅលើការសាយភាយឧស្ម័នកាបូនិច្ចច្រើន ដោយធ្វើការពិចារណាទទួលខុសត្រូវរបស់ប្រទេសអភិវឌ្ឍន៍ ដែលបានរងផលប៉ះពាល់ដល់ប្រទេសដទៃ ខណៈដែលកម្ពុជាមានទទួលខុសត្រូវខ្ពស់លើបញ្ហាទាំងនេះ។
សូមបញ្ជាក់ថា កម្ពុជានៅតែបន្តធ្វើការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការសាយភាពឧស្ម័នផ្ទះកញ្ចក់ឱ្យបាន៤២% នៅឆ្នាំ២០៣០ និងការឈានទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននឹងកំពុងធ្វើការងារលើកិច្ចការងារជាច្រើនជាជំហានៗ ដែលមានកាេចូលរួមពីប្រជាជន ក៏ដូចជាសិស្សានុសិស្ស ក្នុងការជួយដាំដើមឈើ នៅឆ្នាំ២០២៣ បាន១លានដើម ហើយនៅឆ្នាំ២០២៥ខាងមុខនេះ និងឈានឡើងទៅប្រមាណចន្លោះ ពី២ ទៅ៣លានដើម ដើម្បីពង្រីកគម្របព្រៃឈើ ដែលដើមឈើនេះគឺជាកត្តាសំខាន់នៅក្នុងការស្រូបយកកាបូន កាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ដែលនាំកម្ពុជាឈានឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
គួរបញ្ជាក់ថា ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុមានវិស័យចំនួន៦ គឺជាវិស័យដែលត្រូវយកចិតក្តទៅដល់ការបំពុលបរិស្ថាន ដល់ការកកើនឡើងកំដៅ និងការប្រែប្រួលអាកាសធាតុ ដែលអង្គការសហប្រជាជាតិ កំពុងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះមានទី១ វិស័យកសិកម្ម, ទី២ វិស័យថាមពល, ទី៣ វិស័យព្រៃឈើ, ទី៤ វិស័យឧស្សាហកម្ម, ទី៥វិ ស័យគីមី និងទី៦ វិស័យសំរាមជាដើម៕