(សៀមរាប)៖ ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននឹងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងកងរាជអាវុធហត្ថស្រុក បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារស្រីស្នំ និងនៅតាមផ្ទះ ស្ថិតក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ដែលមានចំងាយប្រមាណ៩០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។
មន្រ្តីសាខាកាំកុងត្រូល បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅតាមបណ្តាតូប រួមមាន អំបិល ស្ពៃជ្រក់ សរសៃគុយទាវ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ីយ៉ូតត្រឹមត្រូវ ហើយពុំបានរកឃើញវត្តមាន សារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid ,Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅក្នុងផ្សារ និងនៅតាមផ្ទះមួយចំនួន ស្ថិតនៅខាងក្រៅ នៃផ្សារស្រីស្នំ ជាលទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្ត ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ ដែលផលិតផលនោះរួមមាន ទឹកក្រូចដបជ័រដបធំ ផលិតនៅប្រទេសថៃ ៦៤ដប និងទឹកក្រូចដបជ័រ ផលិតនៅប្រទេសថៃ ១៦ដប។
ឆ្លៀតឳកាសនោះដែរ ក្រុមការងារក៏បាន ចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។ បន្ថែមពីនេះមន្ដ្រីជំនាញ ក៏បានថ្លែងសរសើរ និងអរគុណ ដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ចសហការល្អ ដោយក្ដីរីករាយ ជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់បណ្តាលមកពី ផលិតផលខូចគុណភាព ដោយបានស្ម័គ្រចិត្ត ផ្តល់ដល់ក្រុមការងារ នូវផលិតផលខូចគុណភាពទាំងអស់នោះ៕