(ភ្នំពេញ)៖ ជំងឺមិនឆ្លងកំពុងតែជាបញ្ហាសុខភាពសាធារណៈដ៏ធំនៅកម្ពុជា ក៏ដូចជាសកលលោក ដែលទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមពីប្រជាពលរដ្ឋ តាមរយៈការយល់ដឹងពីរបៀបនៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ។
ដូច្នេះហើយបានជាក្រសួងសុខាភិបាល និងសមាគមលើកកម្ពស់សុខភាពកូរ៉េ (KAHP) បានបន្ដធ្វើការអប់រំផ្សព្វផ្សាយពីវិធានបង្ការជំងឺឆ្លងទៅដល់ប្រជាពលរដ្ឋ។ តាមរយៈការសហការគ្នា រវាងសមាគមលើកកម្ពស់សុខភាពកូរ៉េ (KAHP) និងមន្ទីរពេទ្យបង្អែកព្រែកព្នៅ បានធ្វើការផ្សព្វផ្សាយបញ្ជៀបការយល់ដឹងប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅចុងសប្ដាហ៍កន្លងទៅនេះ។
ក្នុងឱកាសនោះលោកស្រី អ៊ុក ណាំហ្វាង(Oknam Hwang) នាយកគម្រោង និងជាប្រធានសមាគមលើកកម្ពស់សុខភាពកូរ៉េ បានថ្លែងឱ្យដឹងថា សមាគមលើកកម្ពស់សុខភាពកូរ៉េ (KAHP) កំពុងអនុវត្តគម្រោងជំងឺមិនឆ្លង( NCD)ដែលផ្តោតលើសហគមន៍ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌព្រែកព្នៅ។ យុទ្ធនាការជំងឺមិនឆ្លង(NCD) ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការការពារ និងការគ្រប់គ្រងជំងឺមិនឆ្លង NCD និងដើម្បីជួយប្រជាពលរដ្ឋមានសុខភាពល្អក្នុងការរស់នៅរបស់ពួកគាត់។
លោកស្រីបានបន្ដថា «យើងបានធ្វើយុទ្ធនាការនេះចំនួនបួនដងហើយនៅតាមសង្កាត់ផ្សេងៗគ្នានៅក្នុងខណ្ឌព្រែកព្នៅ ដោយមានប្រជាពលរដ្ឋបានចូលរួមជាង១ពាន់នាក់ផងដែរក្នុងឆ្នាំនេះ។ តាមរយៈគម្រោងជំងឺមិនឆ្លង ដែលកំពុងអនុវត្តក្នុងរយៈពេលបីឆ្នាំនេះ ខ្ញុំសង្ឃឹមថានឹងធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រែកព្នៅ មន្ទីរពេទ្យបង្អែកព្រែកព្នៅ និងខណ្ឌព្រែកព្នៅ ដើម្បីពង្រីកកម្មវិធីរបស់យើងនៅទូទាំងប្រទេស ជួយលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាទាំងអស់»។
សូមជម្រាបថា ជំងឺមិនឆ្លង ៤ប្រភេទ មានជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរុំារ៉ៃ ដែលបានកំពុងបង្ករការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ គ្រួសារ និងការសម្រេចនូវគោលដៅអភិវឌ្ឍសហសវត្សកម្ពុជា ដោយសារការចំណាយច្រើនលើការព្យាបាល ពិការភាព និងបាត់បង់កម្លាំងពលកម្ម ដែលជាកត្ដាជំរុញឱ្យមានភាពក្រីក្រី។ ជំងឺមិនឆ្លង អាចបង្ការបានរហូតដល់ទៅដល់ ៨០% តាមរយៈការបង្ការ និងការពារ ដោយគ្រាន់តែយើងរួមគ្នាដោះស្រាយកត្ដាហានិភ័យរួមចំនួន៤ធំៗ គឺ ឈប់ប្រើប្រាស់ថ្នាំជក់ ឈប់ទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ របបអាហារដែលមិនមានផាសុកភាព (កាត់បន្ថយអំបិល ស្ករ ខ្លាញ់ ក្នុងចំណីអាហារទទួលទានប្រចាំថ្ងៃ)និងការអនុវត្ដកាយវិប្បកម្មឱ្យបានត្រឹមត្រូវជាប្រចាំ (ដូចជាការការហាត់កីឡា ឬដើរយ៉ាងតិច ៣០នាទី ក្នុងមួយថ្ងៃ)៕