(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ​បាន​ប្រព្រឹត្ត​ទៅដោយភាពល្អប្រសើរ​ និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សា​បាននូវ​ប្រពៃ​ណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ​ និងភ្ញៀវទេសចរ​មក​ពីគ្រប់ទិសទី​ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអ្នកទទួលខុសត្រូវខ្ពស់​លើការ​ដឹក​នាំ គ្រប់គ្រង និងចាត់ចែងលើកិច្ចការរៀបចំព្រះរាជពិធី បានបង្ហាញការកត់សម្គាល់ថា ​ភាពជោគ​ជ័យ​នេះ​ អាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ​ ដែលបានលះបង់ពេលវេលា​ និងកម្លាំងកាយចិត្ត​ធ្វើយ៉ាង​ណាធានាឱ្យបានសន្តិសុខ​ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់សាធារណៈ​ បង្កលក្ខណ:គ្រប់បែបយ៉ាង​ ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល​ និងក្នុងនាមសម្តេចផ្ទាល់​ សម្តេចមហាបវរធិបតី អរគុណដល់ក្រុម​ការ​ងារ​​​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការ​ទទួលខុស​ត្រូវ​ខ្ពស់​ ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាព​ល្អប្រណិត ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏សូមអរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ​ សិល្បៈ​ការិនីទាំងអស់​ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ​ និងការរាំលេងកម្សាន្ដគ្រប់ទីកន្លែងជូនដល់មហាជន​ ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកង៕