(ភ្នំពេញ)៖ យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៧លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់១២នាក់ និងរងរបួសស្រាល១០នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង, រថយន្តធុនធំ១គ្រឿង និងអ្នកថ្មើរជើងម្នាក់។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក (ស្លាប់២នាក់), មិនប្រកាន់ស្ដាំ១លើក (ស្លាប់២នាក់), ប្រជែង១លើក បត់គ្រោះថ្នាក់១លើក (ស្លាប់ម្នាក់)៕