(ភ្នំពេញ)៖ ការប្រារព្ធឡើងនូវទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា គឺមានបំណងរើសសំរាម ដែលនៅសេសសល់ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងដើម្បីអប់រំ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងចេះទុកដាក់សំរាម និងថែរក្សាបរិស្ថានឲ្យល្អជានិច្ច។

ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក មិនបានបន្សល់សំរាមតាមទីសាធារណៈនោះទេ។ ទាំងនេះ គឺដោយសារកម្មករ ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម សហការជាមួយកម្លាំង នៃមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមបោសសំរាម និងដឹកជញ្ជូនចេញតាំងពីម៉ោង១២យប់ រហូតទល់ភ្លឺ។

នេះបើតាមការបញ្ជាក់របស់លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ (សួនច្បារវត្តបុទុមវត្តី) ខណ្ឌដូនពេញ។

លោក ហួត ហៃ បានបញ្ជាក់ថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នាឱកាសនេះ រៀបចំឡើងក្នុងគោលបំណង បំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន។

ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករ ដែលជំរុញឲ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថាន។ ផ្តើមចេញពីបុគ្គលម្នាក់ៗ ចេះទទួលខុសត្រូវ លើការទុកដាក់ សំណល់ដោយមិនបោះចោលពាសវាលពាសកាល នៅតាមទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងដាំដើមឈើ ដើម្បីឲ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព។

លោក ហួត ហៃ បន្តថា ការប្រាព្ធទិវានេះ ក៏បានរៀបចំឡើងឲ្យត្រូវថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ ដោយក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ប្រមាណជាង៦លាននាក់ មកចូលរួម និងដើរលេងកម្សាន្ដ។

ដូច្នេះបរិមាណសំរាមត្រូវតែច្រើន ប៉ុន្តែដោយយើងមានក្រុមហ៊ុនប្រមូលសំរាមល្អ មន្ត្រីគ្រប់លំដាប់ថ្នាក់ចូលរួម សហការ ដឹកនាំក្នុងការប្រមូលសំរាមនេះ យើងធ្វើបានល្អមែនទែន។ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខណៈដែលយើងប្រារព្វពិធី គឺមិនមានសំរាមមួយទងទេ។ ការធ្វើទិវាអនាម័យបរិស្ថាននេះ យើងគិតថា អាចនៅសល់សំរាមតិចតួច ដែលយើងត្រូវសំអាតឲ្យអស់កុំសេសសល់ តែយើងមើលជាក់ស្តែង យើងគ្មានសំរាមរើសទេ។

លោក ហួត ហៃ ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាមទាំង៣ មន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធ ដែលបានចូលរួមសហការ និងធ្វើសកម្មភាពព្រមៗគ្នា ដែលធ្វើឲ្យរាជធានីភ្នំពេញ មានបរិស្ថានល្អស្អាត ហាក់ដូចជាមិនមានព្រះរាជពិធីបុណ្យ ដែលមានមនុស្សម្នា ចូលរួមរហូតដល់៦លាននាក់។

បន្ថែមពីនេះ លោក ហួត ហៃ ក៏បានអរគុណផងដែរ ចំពោះប្រជាពលរដ្ឋ ដែរបានចូលរួមសហការ ក្នុងការទុកដាក់សំរាមបានល្អ បង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារប្រមូលសំរាម ទើបយើងទទួលបានជោគជ័យធំធេងដូចពេលនេះ។

លោក ហួត ហៃ បានបញ្ជាក់ទៀតថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ សំរាមយើងប្រមូលបានល្អមែនទែន។ ការងារល្អបែបនេះ គឺដោយសារលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំដាក់ផែនការ យ៉ាងច្បាស់លាស់ ជាមួយនិងការត្រៀមលក្ខណៈទុកជាមុន ទាំងមធ្យោបាយ ទាំងកម្មករ ទាំងអ្នកទទួលខុសត្រូវ។

ជាក់ស្តែងសំរាប់រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ បងប្អូនក្រុមការងារទាំងអស់បានធ្វើសកម្មភាពព្រមៗគ្នា ក្នុងនោះមានមន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនប្រមូលសំរាមទាំង៣ ក៏បានធ្វើសកម្មភាពព្រមៗគ្នានៅតាមតំបន់របស់គាត់គ្រប់គ្រងបានយ៉ាងល្អផងដែរ។

ជុំវិញការបោសសំអាតក្នុងព្រះរាជពិធីបុណ្យអុំទូកនេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងកម្មករបោសំអាតរបស់មន្ទីរ ចំនួន៣៣០នាក់ សហការជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម ដោយធ្វើការបោស សំអាត តាំងពីម៉ោង ១២យប់ រហូតដល់៧ព្រឹក ជាមួយនឹងការរថយន្តបាញ់លាង សំអាតចំនួន១៨គ្រឿងផងដែរ។

សូមបញ្ជាក់ថា ការប្រាព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ខាងលើនេះ មានអ្នកចូលរួមសរុបចំនួន១០២៦នាក់ មកពីមន្ទីរបរិស្ថាន ទីចាត់គ្រប់គ្រងសំណល់ និងបរិស្ថាន អង្គភាពជុំវិញរាជធានី រដ្ឋបាលខណ្ឌទាំង១៤ ប្រជាពលរដ្ឋមកពីខណ្ឌបឹងកេងកង ចំការមន និងដូនពេញ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ គម្រោងស្អាត និងប្រតិបត្តិករទាំងបីក្រុមហ៊ុន៕