(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក Alexander G. Gesmundo (អាឡិចសេនឌី ជេសម៉ុនដូ) ប្រធានតុលាការកំពូលនៃសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោក ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា បានដឹកនាំគណៈប្រតិភូតុលាការកំពូល ដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី១១ នៃក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន ហៅកាត់ថា CACJ កិច្ចប្រជុំប្រធានតុលាការកំពូលអាស៊ានជាមួយតុលាការកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន តុលាការកំពូលជប៉ុន និងតុលាការកំពូលនៃសាធារណរដ្ឋកូរ៉េ ហៅកាត់ថា កិច្ចប្រជុំអាស៊ាន បូក (ASEAN+Meeting) និងកិច្ចប្រជុំលើកទី១ នៃចៅក្រមជំនាញខាងក្ស័យធន នៅទីក្រុងសេប៊ូ នៃសាធារណរដ្ឋហ្វីលីពីន។

ជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជីវ កេង ប្រធាន តុលាការកំពូលនឹងជួបពិភាក្សាទ្វេភាគីនៅក្នុងកិច្ចប្រជុំដោយឡែក ជាមួយនឹងប្រធានតុលាការកំពូលនៃ ប្រទេសសឹង្ហបុរី។

កិច្ចប្រជុំនេះគឺជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការនៃរដ្ឋជាសមាជិកអាស៊ាន និងជាវេទិកាជួបជុំដែលប្រធានតុលាការកំពូលនៃបណ្តាប្រទេសអាស៊ាន ពិភាក្សានិងផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការតាមរយៈរបាយការណ៍របស់ក្រុមការងារជំនាញនានា ដូចជា៖ ការងារទាក់ទងនឹងគេហទំព័រតុលាការអាស៊ាន, ការសម្របសម្រួលកិច្ចដំណើរការក្នុងរឿងក្តី រដ្ឋប្បវេណី, បច្ចេកវិទ្យាព័ត៌មានវិទ្យានិងការគ្រប់គ្រងសំណុំរឿង, ការអប់រំនិងបណ្តុះបណ្តាលតុលាការ, វិវាទឆ្លងដែនពាក់ព័ន្ធនឹងកុមារ, ការធ្វើសវនាការតាមប្រព័ន្ធវីដេអូ, កិច្ចសហប្រតិបត្តិការអាស៊ានបូក និងការសិក្សាអំពីកិច្ចការអនាគតរបស់ CACJ។ បន្ទាប់ពីការផ្លាស់ប្តូរមតិយោបល់ កិច្ចប្រជុំនឹងពិភាក្សា លើខ្លឹមសារនៃ “សេចក្តីប្រកាសទីក្រុងសេប៊ូ” ដែលជាសក្ខីកម្មនៃការជួបជុំនេះ។

ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងទំនាក់ ទំនងឱ្យកាន់តែជិតស្និទ្ធរវាងតុលាការនៃបណ្តាប្រទេសអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការក្នុង វិស័យតុលាការ ដើម្បីរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លើកកម្ពស់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការ អភិវឌ្ឍក្នុងប្រទេសជាសមាជិកអាស៊ាន តាមរយៈការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព៕