(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមមហាសន្និបាតភាសាចិនពិភពលោក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន មូលនិធិអប់រំភាសាចិនអន្តរជាតិ និងសមាគមអន្តរជាតិសម្រាប់ការបង្រៀនភាសាចិន។

ពិធីបើកមហាសន្និបាតនេះ មានការចូលរួមក្រោមអធិបតីភាព លោក Han Zheng អនុប្រធានាធិបតីចិន តំណាងក្រសួងអប់រំ វិទ្យាស្ថានខុងជឺ និងគ្រឹះស្ថានអប់រំភាសាចិនតាមបណ្តាប្រទេស១៦០លើទូទាំងសកលលោក ប្រមាណ១២០០ស្ថាប័ន/គ្រឹះស្ថាន សរុបជាង២០០០នាក់។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឡើងទទួល «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ»។ នេះមិនមែនត្រឹមតែជាកិត្តិយសសម្រាប់វិទ្យាស្ថានតែប៉ុណ្ណោះទេ ពោលគឺសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ ពីព្រោះវិទ្យាស្ថានគឺជាគ្រឹះស្ថានអប់រំភាសាចិនតែមួយគត់នៅក្នុងប្រទេសកម្ពុជានិងក្នុងចំណោមគ្រឹះស្ថានអប់រំភាសាចិនចំនួន៣៤ផ្សេងទៀតលើទូទាំងពិភពលោក ដែលទទួលបានពានរង្វាន់មួយនេះ។

នេះសបញ្ជាក់ឱ្យឃើញថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានការត្រួសត្រាយចង្អុលបង្ហាញផ្លូវពីឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ព្រមទាំងមានការចូលរួមចំណែកពីលោកគ្រូ អ្នកគ្រូ ក្រុមការងារ និងការគាំទ្រពីភាគីពាក់ព័ន្ធ វិទ្យាស្ថានបានខិតខំរួមចំណែកយ៉ាងច្រើនលើការបណ្តុះបណ្តាលធនធានភាសាចិន ការផ្លាស់ប្តូរវប្បធម៌ និងការរឹតចំណងមិត្តភាពកម្ពុជា-ចិន រហូតទទួលបានកិត្តិយសមួយនេះ៕