(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងកោតសរសើរ និងអរគុណដល់ក្រុមការងារ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរជាតិអប្សរា ព្រមទាំងអាជ្ញាធរដែនដី មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ វត្តអារ៉ាម និងវិស័យឯកជន ក្នុងការចូលរួមរៀបចំនៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប ឆ្នាំ២០២៤នេះ ប្រកបដោយបរិយាកាសយ៉ាងសប្បាយរីករាយ មានសន្តិសុខ សណ្ដាប់ធ្នាក់ អនាម័យ បរិស្ថានស្អាត និងសុខសុវត្ថិភាពល្អប្រសើរ។
លោកអភិបាល បានបង្ហោះសារ នៅលើបណ្ដាញសង្គម Facebook ថា «សម្រស់របស់ក្រុងមួយនេះ កើតចេញពីប្រជាពលរដ្ឋដែលមានចិត្តស្រលាញ់ ចង់បានស្អាតមានអនាម័យ ឧស្សាហ៍ថែទាំរបស់រួម។ សូមអរគុណមន្ត្រីពាក់ព័ន្ធទាំងអស់, សូមអរគុណពុកម៉ែបងប្អូនដែលតែងតែថែទាំទីសាធារណះរបស់យើងទាំងអស់គ្នា។ សូមអរគុណប្អូនៗ"សសយក"ដែលតែងតែមានវត្តមានគ្រប់កម្មវិធី។
ក្នុងនាមគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងក្នុងនាមលោកផ្ទាល់ លោកសូមថ្លែងអំណរគុណគ្រប់អនុគណៈកម្មការ និងក្រុមការងារទាំងអស់ ពិសេសអនុគណៈកម្មការរៀបចំពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប និងពិធីសិល្បៈ សាសនា ព្រមទាំងលោក លោកស្រីទាំងអស់ ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈ ព្រមទាំងគ្រឿងឧបភោគ បរិភោគ ជូនដល់គណៈកម្មការរៀបចំពិធីបុណ្យ ក៏ដូចជាជួយដល់កីឡាករ កីឡាការិនី សិល្បករ សិល្បការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំពិធីនារាត្រីនេះ ឱ្យប្រព្រឹត្តទៅបានរលូន និងអធឹកអធម ដើម្បីញ៉ាំងឲ្យកម្មវិធីរបស់យើងដំណើរការបានយ៉ាងល្អប្រសើរ។
ហើយលោកអភិបាលខេត្តបានមានប្រសាសន៍ទៀត ថា៖ ពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅតាមបណ្ដោយដងស្ទឹងសៀមរាប ក៏ដូចតាមទីតាំងមួយចំនួនទៀត និងនៅតាមតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងរមណីយដ្ឋាននានានៅក្នុងភូមិសាស្ត្រខេត្តសៀមរាប គឺរក្សាបាននូវបរិយាកាសសប្បាយរីករាយ មានសន្តិសុខ សណ្ដាប់ធ្នាក់ អនាម័យ បរិស្ថានស្អាត និងសុខសុវត្ថិភាពយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ សាធារណៈជន ភ្ញៀវជាតិ-អន្តរជាតិ ទាំងមុនពេលចាប់ផ្ដើម កំឡុងពេល និងក្រោយពេលប្រារព្ធពិធី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយសុខសន្តិភាព ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
បើតាមប្រសាសន៍របស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ថ្លែងបិទការប្រណាំងទូក នាល្ងាចថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ សម្រាប់ពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប ឆ្នាំ២០២៤នេះ ពីរថ្ងៃកន្លងទៅនេះ (ថ្ងៃទី១៤-១៥ ខែវិច្ឆិកា) មានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាកម្សាន្ត ក្នុងឱកាសព្រះរាជពិធីអុំទូកប្រមាណជាង ២៧ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ៨,៩៨២នាក់។ ហើយសម្រាប់ថ្ងៃទី១៦ វិច្ឆិកា នេះនឹងមានកម្មវិធីកម្សាន្តសប្បាយមួយថ្ងៃទៀត៕