(ព្រៃវែង)៖ ឃាតកម្មសម្លាប់២នាក់ប្តីប្រពន្ធ នៅកណ្តាលវាលស្រែក្នុងស្រុកកញ្ជ្រៀច គួរឲ្យអាណិតអាសូរយ៉ាងពន់ពេកនោះ ជនដៃដល់ត្រូវបានកម្លាំងនគរបាលតាមចាប់បានហើយ ដោយមូលហេតុផ្តើមចេញពីជនរងគ្រោះជាប្តីមើលងាយខ្លួនពេលផឹកស៉ីជាមួយគ្នាម្តងៗ។
ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានបញ្ជាក់នៅព្រឹកព្រលឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះថា ជនសង្ស័យឈ្មោះ ឆាយ ហេងហៅតឹង។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា តាមចំឡើយឆ្លើយសារភាព នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ ស្ថិតនៅចំណុចកើតហេតុនោះ ខ្លួនពិតជាបានសម្លាប់អ្នកទាំងពីរនាក់ប្តីប្រពន្ធពិតប្រាកដមែន។
ជនសង្ស័យបាននិយាយថា មូលហេតុ ដោយសារខឹងនិងជនរងគ្រោះ ស្រីជេរប្រមាថមាក់ងាយខ្លួន ពេលខ្លួនហៅជនរងគ្រោះប្តី មកស៊ីផឹកម្តងៗ កកើតមានគំនុំក្នុងចិត្តចាំសម្លាប់ ពេលដែលឱកាសមានពេលដើរទៅស្រែពេលយប់ប្តីដើរទៅមុខមុនឆ្ងាយប្រពន្ធនៅក្រោយស្ទាក់សម្លាប់ប្រពន្ធឮសម្រែកប្តីមកជួយក៏បន្តសម្លាប់ប្តីទៀត។
សូមបញ្ជាក់ថា អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ចំងាយ៨៥០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ។
មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩៖០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញស្លាប់បាត់ទៅហើយ ចោលកូនម្នាក់ និងចៅម្នាក់។
មន្ដ្រីដដែល បញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ ឆ្នាំ រងរបួស៣កន្លែង (ស្នាមរបួសភ្នែកខាងស្ដាំ ជំរៅបុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេង ជំរៅជ្រៅ ទៅក្នុងសាច់, ស្នាមបែកដាច់បបូមាត់ទាំង លើទាំងក្រោម) ប្ដីឈ្មោះ មាន យ៉ន អាយុ៤៣ឆ្នាំ រងរបួស៤កន្លែង (ស្នាមរបួសក្រោមប្រឡង់ ភ្នែកឆ្វេង មុតជ្រៅចូលក្នុងសាច់, ស្នាមរបួសដាច់ ត្រចៀកឆ្វេង, របួសក្នុងប្រឡង់ភ្នែកខាងស្ដាំចូលជ្រៅ, របួសចំក្រចៀកស្ដាំ)។
ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕