(ម៉ានីល)៖ អង្គការសុខភាពពិភពលោក WHO បានព្រមាននៅថ្ងៃចន្ទនេះថា វីរុស Zika អាចនឹងរីករាលដាល ក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភនៅក្នុងទ្វីបអាស៊ី ខណៈការឆ្លងរាប់រយករណីត្រូវបានគេរាយការណ៍នៅក្នុង ប្រទេសសិង្ហបុរី ហើយករណីទារកពីរនាក់កើតមានក្បាលតូចខុសពីធម្មតា ជាប់ពាក់ព័ន្ធនឹងវីរុសមួយនេះក៏ត្រូវ បានគេអះអាងផងដែរនៅក្នុងប្រទេសថៃ។ នេះតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។
ផ្អែកលើរបាយកាណ៍មួយចេញផ្សាយដោយ WHO នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់ប្រចំាឆ្នាំនៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅថ្ងៃចន្ទនេះ វីរុស Zika អាចនឹងបន្តរីករាលដាលខ្លំាង នៅតាមប្រទេសមួយចំនួនក្នុងតំបន់ អាស៊ីដូចជា ចិន ជប៉ុន អូស្ត្រាលី រួមទំាងបណ្ដាប្រទេសជាច្រើនទៀត នៅតំបន់អាស៊ីអាគ្នេយ៍ និង តំបន់ប៉ាស៊ី ហ្វិក។ ដោយឡែកជុំវិញបញ្ហានេះដែរ នាយកអង្គការ WHO លោកស្រី Magaret Chan បានឱ្យដឹងថាការឆ្លង វីរុស Zika ច្រើនជាង ៤០០ ករណី ត្រូវបានគេរាយការណ៍នៅសិង្ហបុរី ខណៈប្រទេសវៀតណាម ហ្វីលីពីន និង ម៉ាឡេស៊ី សុទ្ធតែបានរកឃើញករណីឆ្លងវីរុស Zika ដែលឆ្លងតាមរយៈសត្វមូស យ៉ាងហោចណាស់២០ករណី នៅក្នុងប្រទេសរបស់ពួកគេ។
គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក ប្រទេសចំនួន ៧០នៅទូទំាងពិភពលោក មានករណីឆ្លងវីរុស ដោយក្នុងនោះមានប្រទេស ចំនួន១៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕