(ភ្នំពេញ)៖ ប្រតិភូយុវជនកម្ពុជារបស់សហគមនាវាយុវជនអាស៊ីអាគ្នេយ៍ ២៩រូប បានអញ្ជើញជួបសម្តែងការគួរសម ជាមួយលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្នុងគោលបំណងទទួលនូវអនុសាសន៍ល្អៗ ការទទួលបាននូវបទពិសោធន៍ពីថ្នាក់ដឹកនាំ ដើម្បីត្រៀមខ្លួនប្រឡូក នៅក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន( SSEAYP) ដែលនឹងមានយុវជនបណ្តាប្រទេស១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន សរុប៣៣០នាក់។
តំណាងយុវជនកម្ពុជាមួយរូប បានលើកឡើងថា តាមរយៈកម្មវិធីនេះ យុវជននឹងអាចអភិវឌ្ឍន៍ខ្លួនឯង បង្កើតបណ្តាញទំនាក់ទំនង និងពង្រឹងភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍សង្គម។ តំណាងយុវជនរូបនេះក៏បានបញ្ជាក់បន្ថែមថា នេះជាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ គិតត្រឹមឆ្នាំ ២០១៦ ដែលប្រតិភូយុវជនទាំង១១ប្រទេសនឹងធ្វើដំណើរទៅជួបជំុគ្នានៅប្រទេសជប៉ុន បន្ទាប់មកចាប់ផ្តើមកម្មវិធីចេញនាវាទៅកាន់ប្រទេសអាស៊ាន មានរយៈពេល ៥២ថ្ងៃចាប់ពី២៥តុលា ដល់១៥ធ្នូ ២០១៦ ជាពិសេសរាល់ការចុះចត គឺយុវជននឹងមានការជួបសម្តែងការគួរសមជាមួយប្រមុខដឹកនាំប្រទេស ដោយឡែកតំណាង ប្រតិភូយុវជនមួយក្រុមនឹងធ្វើដំណើរមកកម្ពុជា ដើម្បីជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩វិច្ឆិកា ២០១៦។
លោក អូស្មាន ហាស្សាន់ បានផ្តល់អនុសាសន៍ដល់យុវជនកម្ពុជា ប្អូនៗត្រូវសាងស្នាដៃជាយុវជនគម្រូដើម្បីកិត្តិយស និងកេរ្ត៍ឈ្មោះសម្រាប់ប្រទេសជាតិរបស់យើង ជាពិសេសក្នុងឪកាសនេះ ប្អូនៗត្រូវមានឆន្ទៈតស៊ូ ចូលរួមឲ្យកាន់តែសកម្មដើម្បីទទួលបានបទពិសោធន៍ល្អៗពីថ្នាក់ដឹកនាំ ក៏ដូចជាយុវជននៃបណ្តាប្រទេសនានា ដែលនឹងរួមដំណើជាមួយគ្នារយៈពេលជិត២ខែ។ ក្នុងឪកាសនេះដែរត្រូវពង្រឹងកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នាក្នុងតំបន់អាស៊ាន និងជប៉ុន ផងដែរ។
លោក អូស្មាន ហាស្សាន់ ក៏បានឧបត្ថម្ភ ជាកញ្ចប់ថវិការរួមចំនួន១០០០ដុល្លា សម្រាប់ដោះស្រាយតម្រូវការខ្លះៗដល់ប្រតិភូយុវជនកម្ពុជា។
គួរបញ្ជាក់ផងដែរថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលជប៉ុន កាលពីឆ្នាំ១៩៧៤ និងមានការចូលរួមគាំទ្រពីរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០៕