(ស្វាយរៀង)៖ នៅវេលាម៉ោងប្រមាណ ២០៖៤៥ នាទី យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ មន្រ្តីអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងទីរួមខេត្តស្វាយរៀង មានអគ្គិសនីប្រើប្រាស់វិញហើយ បន្ទាប់ពីម្ចាស់ផ្ទះបានអនុញ្ញាតឲ្យមន្ត្រី EDC ជួសជុលបង្គោលភ្លើង ដែលដួលរលំ ដើម្បីអាចបញ្ជូនចរន្តអគ្គិសនី ឲ្យប្រជាពលរដ្ឋនៅខេត្តស្វាយរៀង បានប្រើប្រាស់ឡើងវិញ។
សូមជំរាបថា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ចាប់ពីវេលាម៉ោង ០៧៖១០នាទីព្រឹក រហូតដល់ម៉ោង ២០៖៤៥នាទីយប់នេះ ការផ្គត់ផ្គង់អគ្គិសនី នៅទីរួមខេត្តស្វាយរៀង ទីប្រជុំជនក្រោលគោ ស្រុកស្វាយជ្រំ ត្រូវបានផ្អាកបណ្តោះអាសន្នដោយសារមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យបង្គោលភ្លើង បណ្តាញបញ្ជូនចរន្តរង ២២គីឡូវ៉ុល ដួលរលំនៅតាមបណ្តោយផ្លូវជាតិលេខ០១ ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
EDC បានបញ្ជាក់ទៀតថា ក្រុមការងារអគ្គិសនីកម្ពុជាបានចុះពិនិត្យឃើញថានៅក្បែរបង្គោលភ្លើង ដែលរលំនោះ គឺមានរបងផ្ទះរបស់លោក ស៊ឹម នី និង អ្នកស្រី ជៀម ចន្ថា ដែលដួលរលំ។ ម្ចាស់ផ្ទះបានចោទប្រកាន់ថា របងដែលដួលរលំនោះគឺបណ្តាលមកពី បង្គោលភ្លើងដួលរលំមកលើរបងផ្ទះរបស់គាត់៕