(ភ្នំពេញ)៖ ស្ថាប័នសារព័ត៌មានធំៗ​ចំនួន៥ ទាំងរដ្ឋ និងឯកជន នៅកម្ពុជា ក្នុងនោះមានអង្គភាពសារព័ត៌មាន Fresh News, សារព័ត៌មានរស្មីកម្ពុជា, ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP), ទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា (TVK), សារព័ត៌មាន Khmer Time នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានជួបសន្ទានការងារជាមួយ លោក ធួន ចិន (Tuo Zhen) អនុរដ្ឋមន្ដ្រី នៃនាយកដ្ឋានបោះពុម្ពផ្សាយ របស់បក្សកុម្មុយនីសចិន និងនាយកគ្រប់គ្រងសារព័ត៌មានធំៗរបស់ចិនចំនួន៨រូប ដើម្បីបង្កើនភាពទំនាក់ទំនងគ្នាល្អ រវាងសារព័ត៌មានកម្ពុជា ជាមួយសារព័ត៌មានចិន។

ភាគីសារព័ត៌មានមានដូចជា៖ លោក Zhao Jian Guo អគ្គនាយករង នៃនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិរបស់ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋចិន, លោក Sun Yu Sheng អគ្គនាយករងទូរទស្សន៍មជ្ឈឹមរបស់ប្រទេសចិន (CCTV), លោក Gao An Ming និពន្ធនាយករង នៃកាសែតចិនដេលី, លោក Hu Ban Sheng អនុប្រធានវិទ្យុអន្តរជាតិចិន, លោក Yan Tao អនុប្រធានអគ្គនាយកដ្ឋានកិច្ចការរបស់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ, លោក Wang Xiao Hui និពន្ធនាយកមជ្ឈមណ្ឌលសារព័ត៌មានអ៉ិនធើណែតចិន និងលោក​ Chen Da Wei អគ្គនាយករង នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋចិន។  

ក្នុងឱកាសនោះដែរ​ លោក​​ ធួន ចិន អនុរដ្ឋមន្ដ្រី នៃនាយកដ្ឋានបោះផ្សាយ បានថ្លែងបញ្ជាក់នូវក្ដីសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយចិន-កម្ពុជា អាចបញ្ចេញមតិបាន ដោយសេរី ដើម្បីឲ្យកិច្ចសន្ទានថ្ងៃនេះ ក្ហាយជាវេទិកានៃការពង្រីក និងការជំរុញនៃការផ្លាស់ប្ដូរ ទេ្វភាគីប្រកបដោយប្រសិទ្ធិភាព ហើយក៏សង្ឃឹមថា អស់លោក លោកស្រី ដែលជាអ្នកគ្រប់គ្រងសារព័ត៌មាន ផ្ដល់យោបល់ និងអនុសាសន៍យ៉ាងផុសផុល រួមគ្នាបង្កើតបណ្ដាញជាយន្ដការ នៃការផ្លាស់ប្ដូរប្រាស្រ័យទាក់ទងទេ្វភាគី។

លោកអនុរដ្ឋមន្ដ្រី បន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយនៃភាគីចិន​-កម្ពុជា អាចធ្វើការរួមគ្នា នៃការរួមបញ្ជូលធនធានជាអាទិភាព នៅលើកិច្ចសហប្រតិបត្តិការ នៃការចែករំលែកអត្ថបទ សម្ភាសន៍ ព័ត៌មានរួមគ្នា សហការថតរូប និងចាក់ផ្សាយរួមគ្នាជាដើម និងជំរុញកិច្ចសហប្រតិបត្តិការប្រព័ន្ធ ផ្សព្វផ្សាយឲ្យទៅដល់ កម្រិតខ្ពស់ថ្មីមួយ។

ដើម្បីជាការឆ្លើយតប ប្រធានគ្រប់គ្រងស្ថាប័នសារព័ត៌មាន និងនិពន្ធនាយក របស់កម្ពុជាទាំងអស់ ដែលបានចូលរួមក្នុងកិច្ចសន្ទានានោះ រួមមានលោក លឹម ជាវុត្ថា ស្ថាបនិក និងនាយកប្រតិបត្តិសារព័ត៌មាន Fresh News , សារព័ត៌មានរស្មីកម្ពុជា លោក ទាវ សារៈមុន្នី ជានិពន្ធនាយក, ទីភ្នាក់ងារ AKP លោក កែវ ចាន់ដារា, ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា (TVK) លោក ទន់ សារ៉ាត់ អគ្គនាយកវិទ្យុ, លោក តី ម៉ាលី អគ្គនាយករង, លោកស្រី ឈឹម សុខកាត់ឌី អគ្គនាយករង, លោក ខ្វៃ អាទិត្យា អគ្គនាយករង TVK, សារព័ត៌មាន Khmer Time លោក ជាង សុខា ជានិពន្ធនាយក បានលើកឡើងដោយភាពរីករាយ និងប្រតិបត្តិការ សហការផ្នែកព័ត៌មានរវាងកម្ពុជា និងចិន នឹងបានសន្យាចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត និងជាពិសេសអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកកម្ពុជា នាប៉ុន្មានថ្ងៃខាងមុខនេះ។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិ អង្គភាពព័ត៌មាន Fresh News បានលើកឡើងថា កន្លងមកសារព័ត៌មាន Fresh News តែងតែចូលរួម ផ្សព្វផ្សាយយ៉ាងសកម្ម អំពីសកម្មភាពរបស់រដ្ឋាភិបាលចិន នៅលើឆាកអន្តរជាតិ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង និងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសចិន នាពេលកន្លងមក ប៉ុន្តែនៅពេលនេះសារព័ត៌មាន Fresh News នៅតែបន្តភាពរីករាយក្នុងការសហការជាមួយស្ថាប័នព័ត៌មានធំៗរបស់ចិន ដូចជា សារព័ត៌មានចិន ស៊ិនហួរ និងសារព័ត៌មាន CCTV ព្រមទាំងសារព័ត៌មានធំៗមួយចំនួនរបស់ចិន ដើម្បីផ្លាស់ប្ដូរបទពិសោធន៌ការងារលើវិស័យព័ត៌មាន។ លោកបានបន្ថែមថា អង្គភាព Fresh News នឹងធ្វើការរាល់សកម្មភាពរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ដែលមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៣ ខែតុលាខាងមុននេះ៕