(ស្វាយរៀង)៖ មន្រ្តីអគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ចាប់ពីវេលាម៉ោង០៧៖១០នាទីព្រឹក រហូតដល់ពេលនេះការផ្គត់ផ្គង់អគ្គិសនី នៅទីរួមខេត្តស្វាយរៀង ទីប្រជុំជនក្រោលគោ ស្រុកស្វាយជ្រំ ត្រូវបានផ្អាកបណ្តោះអាសន្នដោយសារមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យបង្គោលភ្លើង បណ្តាញបញ្ជូនចរន្តរង ២២គីឡូវ៉ុល ដួលរលំនៅតាមបណ្តោយផ្លូវជាតិលេខ០១ ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
EDC បានបញ្ជាក់ទៀតថា ក្រុមការងារអគ្គិសនីកម្ពុជាបានចុះពិនិត្យឃើញថា នៅក្បែរបង្គោលភ្លើងដែលរលំនោះ គឺមានរបងផ្ទះរបស់លោក ស៊ឹម នី និង អ្នកស្រី ជៀម ចន្ថា ដែលដួលរលំ។ ម្ចាស់ផ្ទះបានចោទប្រកាន់ថា របងដែលដួលរលំនោះ គឺបណ្តាលមកពីបង្គោលភ្លើងដួលរលំមកលើរបងផ្ទះរបស់គាត់។ ម្ចាស់ផ្ទះមិនអនុញ្ញាតឲ្យក្រុមការងារធ្វើការជួសជុលបង្គោល ដែលរលំនោះដើម្បីផ្គត់ផ្គង់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានឆាប់រហ័សឡើយ។ ដូចនេះអគ្គិសនីកម្ពុជា មិនអាចបញ្ជូនចរន្តអគ្គិសនីពីទីក្រុងភ្នំពេញ ទៅខេត្តស្វាយរៀងបានទេ។
អគ្គិសនីកម្ពុជា មានការសោកស្តាយចំពោះការមិនអនុញ្ញាតរបស់ម្ចាស់ផ្ទះ អគ្គិសនីកម្ពុជាបានស្នើសុំការអន្តរាគមន៍ជាបន្ទាន់ ទៅលោកអភិបាលខេត្តកណ្តាល ហើយក្រុមអ្នកជំនាញអគ្គិសនីកំពុងរង់ចាំលោកអភិបាលស្រុក និងកំលាំងអាជ្ញាធរមូលដ្ឋានដើម្បីជួយសហការ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕