(ភ្នំពេញ)៖ បន្ទាប់ពីអ្នកទោសម្នាក់ជាប់ពាក់ព័ន្ធ នឹងការដាក់បង្កៃគ្រាប់បែក នៅទីសាធារណៈនារាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់, នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ី វណ្ណនី បានចេញដីកាភ្លាម បង្គាប់ឲ្យកម្លាំងសាធារណៈទាំងអស់ ស្វែងរកចាប់ខ្លួនអ្នកទោស សោម ឯក យកមកអនុវត្តទោសតាមអំណាចសាលក្រម។
នៅក្នុងដីកាបានបញ្ជាក់ថា លោក សោម ឯក ត្រូវបានតុលាការសម្រេចផ្តន្ទាទោស៤៤ឆ្នាំ៦ខែ តែអនុវត្តទោសបានតែ ៧ឆ្នាំ ០៨ខែ និង២៥ថ្ងៃ ក៏បានរត់គេចខ្លួនពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត នាយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦។
លោក សោម ឯក ហៅ ជា គឹមហ៊ួន ជាអតីតទាហានចូលបំរើការនៅក្រសួងការពារជាតិ តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០០៣។ លោក សោម ឯក ត្រូវបានតុលាការកាត់ទោសក្នុងនោះករណីទី១ ពីបទបណ្តុះបណ្តាលភេរវករ និងសមគំនិត ក្នុងអំពើភេរវកម្ម និងប្រើប្រាស់គ្រឿងផ្ទុះ និងគ្រាប់រំសេវ នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម និងនៅតាមទីធ្លាសាធារណៈ ដោយខុសច្បាប់ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារសរុបទាំងអស់៤៦ឆ្នាំ ប៉ុន្តែអនុវត្តទោសតែ៤៤ឆ្នាំ និង៦ខែ៕
ខាងក្រោមនេះដីកា តាមស្វែងរកចាប់ខ្លួនលោក សោម ឯក មកវិញ៖