(ភ្នំពេញ)៖ ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពមានកិច្ចទាំងអស់ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបប្រជុំដើម្បីពិនិត្យអំពីផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI)។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក យូ ស៊ុនឡុង, លោក ជួន សុវណ្ណ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ និងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា គ្រប់បណ្ដាអង្គភាព ស្ថាប័ន និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវធានាឲ្យបានដាច់ខាតនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបង្ការជំងឺផ្សេងៗ ជូនសម្តេច ឥស្សរជនជាន់ខ្ពស់ ក្នុងពិធីនេះប្រកបដោយសុវត្ថិភាពទាំងស្រុង។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា គ្រប់អង្គភាពត្រូវប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុប សំដៅធានាដល់កិច្ចសហការការពារ សុវត្ថិភាពក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទាំងពីរនេះ។

លើសពីនេះ ត្រូវពង្រឹងកិច្ចសហការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឲ្យបានសម្រេចតាមផែនការដែលបានដាក់ចេញ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោក យូ ស៊ុនឡុង បានកត់សម្គាល់អំពីចំណុចប្រឈមមួយចំនួនផងដែរ ដែលគ្រប់អង្គភាពទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍ទាំងអស់នេះ។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ដោយឡែក កិច្ចប្រជុំមហាសន្និបាតសន្និសីទអន្ដរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៉ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ៕