(បន្ទាយមានជ័យ)៖ លោក ហេង ហាក់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារថ្មី ខេត្តបន្ទាយមានជ័យ ខណៈដែលប្រធានចាស់ លោក ហ៊ិន សុផល បានចូលនិវត្តន៍។ ក្នុងពិធីនេះដែរក៏មានការចូលរួម លោក ឈើយ ចាន់ណា អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
ក្នុងនោះដែរ លោក ហេង ហាក់ បានព្រមានដល់មន្ត្រីពន្ធនាគារទាំងអស់ ត្រូវគោរពតួរនាទីខ្លួនឯង មិនត្រូវយកតួនាទីគៀបសង្កត់ អ្នកទោសឡើយ ហើយគ្មានជនណាម្នាក់ យកអ្នកជាប់ពន្ធនាគារចេញជាដាចខាតបើគ្មានការអនុញ្ញាត លិខិតស្នាមត្រឹមត្រូវឡើយ និងមិនយកអ្នកណាម្នាក់ ចូលពន្ធនាគារគ្មានលិខិតស្នាមចេញពីអាជ្ញាធរតុលាការឡើយ ក្នុងពន្ធនាគារត្រូវរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារ ហើយមន្ត្រីពន្ធនាគារត្រូវទប់ស្កាត់ការជ្រាបចូលនូវអ្វីដែលហាមឃាត់ ដូចជារបស់ប៉ះពាល់សុខសុវត្ថិភាព ដល់អ្នកជាប់ពន្ធនាគារ ទប់ស្កាត់គ្រឿងញៀន ទប់ស្កាត់គ្រឿងស្រវឹងជាដាច់ខាត។
លោកបន្ថែមថា «កន្លងមកនេះ មានលេចឮព័ត៌មាន ដូចជាការនាំយកគ្រឿងញៀន ការសន្ទនាតាមទូរស័ព្ទ យកគ្រឿងស្រវឹង ការឃុបឃិត ជាមួយអ្នកទោសជាប់ពន្ធនាគារ សូមបញ្ឈប់ចាប់ពីពេលនេះតទៅ ចឹងយើងត្រូវបែងចែកអ្នកជាប់ទោស ក្នុងពន្ធនាគារឲ្យបានត្រឹមត្រូវ និងចេះអប់រំដល់ពួកគាត់ មិនត្រូវយកឲ្យអ្នកទោសកម្រិតធ្ងន់ ចេញក្រៅជាដាច់ខាត ព្រោះវាជាមុខបង្កអសន្តិសុខ រីឯអ្នកទោសណាមានកំរិតស្រាល ឲ្យចេញមកក្រៅ ធ្វើពលកម្មវិញ»។
លោកក៏បានបញ្ជាក់ដែរថា កន្លងមកនេះការអនុវត្តមិនត្រឹមត្រូវ តែពេលនេះត្រូវអនុវត្តតាមគោលនយោបាយ ឲ្យត្រឹមត្រូវច្បាប់លាស់ ត្រូវសហការណ៍ជាមួយអាជ្ញាធរ តុលាការ ត្រូវប្រជុំឲ្យបានញឹកញាប់ ដើម្បីឲ្យការងារឆ្ពោះទៅតម្លាភាពច្បាស់លាស់ មួយថ្ងៃទៅមួយថ្ងៃ៕