(ភ្នំពេញ)៖ ការប្រមូលពន្ធ និងអាករក្នុងរយៈ ៩ខែឆ្នាំ២០១៦នេះ បានចំនួន ១.៣១៣លានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ កើនឡើង ១៦ភាគរយ។ បើទោះបីការប្រមូលពន្ធ និងអាករ មានការកើនខ្ពស់ក្តី តែលោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តជំរុញឲ្យមន្រ្តីគយ និងរដ្ឋាករកម្ពុជា ខិតខំប្រឹងប្រែងប្រមូលពន្ធ និងអាករឲ្យកាន់តែសកម្មថែម ទៀត ដើម្បីយកថវិកាបំពេញតម្រូវការរបស់ជាតិ។
ក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែកញ្ញា និងរយៈពេល៩ខែ ឆ្នាំ២០១៦ ធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងថា ចំណូលពន្ធ និងអាករ ក្នុងខែកញ្ញា ប្រមូលបាន ៥៤៤ ប៊ីលានរៀល ស្មើនិងប្រមាណ ១៣៤លានដុល្លារអាមេរិក ហើយបើគិតជាចំណូលត្រីមាសទី៣ ឆ្នាំ២០១៦ មានប្រមាណ ១.៧ទ្រីលានរៀល ស្មើប្រមាណ ៤១៧លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។
ដោយឡែកក្នុងរយៈពេល ៩ខែឆ្នាំ២០១៦ នេះ ចំណូលពន្ធអាករសរុបមានប្រមាណ ៥៣៨៥ ប៊ីលានរៀល ស្មើប្រមាណ ១,៣១៣ លានដុល្លារកើនឡើងជិត ១៦% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៥។
លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ៩ខែនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធអាករចូលថវិកាជាតិបាន ៨០.៨៥% នៃផែនការ ដែលបានកំណត់ក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។ ចំណូលប្រមូលបានក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៦នេះ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នា នៃឆ្នាំ២០១៥ មានការប្រែប្រួលចំណូលតាមប្រភេទពន្ធ និងអាករ ដូចជាពន្ធគយមានកំណើន ៨.៥%, អាករពិសេសមានកំណើន ២៩.៧%, អាករបន្ថែមលើផលិតផលប្រេង (សម្រាប់ថែទាំផ្លូវ) មានកំណើន ១១.៥%, អាករលើតម្លៃបន្ថែម (VAT) មានកំណើន ៣៧.៥%, អាករនាំចេញនិងចំណូលផ្សេងទៀតមានកំណើន ២.២%។
ដោយឡែកប្រភពចំណូលសំខាន់ៗតាមក្រុមទំនិញមាន យានយន្ត (៤១.៤% នៃចំណូលសរុបប្រមូលដោយ អគរ), ប្រេងឥន្ធនៈនិងឋាមពល (២១.៦% នៃចំណូលសរុប), ទំនិញចម្រុះ (៣៤.៧% នៃចំណូលសរុប) និង ផ្សេងទៀត (២.២% នៃចំណូលសរុប)។
យោងលើតួលេខលទ្ធផលអនុវត្តបានក្នុងរយៈពេល ៩ខែនេះ លោកអគ្គនាយក បានព្យាករណ៍ថា ក្នុងឆ្នាំ២០១៦នេះ អាចប្រមូលចំណូលចូលថវិកាជាតិបានប្រមាណ ៧១៧៦ ប៊ីលានរៀល ស្មើនឹងប្រមាណ ១៧៥០លានUSD) ត្រូវជា ១០៧.៨% នៃផែនការចំណូលប្រចាំឆ្នាំត្រូវប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានកំណត់ដោយច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។
បើទោះបីដំណើរការ នៃការប្រមូលពន្ធ និងអាករមានភាពល្អប្រសើរយ៉ាងណាក្តី តែលោកអគ្គនាយក នៅបន្តជំរុញ និងបានណែនាំមន្ត្រីគយ និងរដ្ឋាករក្រោមឱវាទទាំងអស់ ឲ្យប្រឹងប្រែងបន្ថែមទៀតជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីប្រមូលថវិកាបំពេញសេចក្តីត្រូវការរបស់ជាតិ។
លោក គុណ ញឹម បានដាក់ចេញវិធានការមួយចំនួនទៅដល់មន្រ្តីក្នុងការកៀរគរប្រមូលពន្ធនេះ។ វិធានការនោះរួមមាន៖
- ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការណែនាំនានា របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពង្រឹងការងារប្រមូលពន្ធអាករ និងការគ្រប់គ្រងនិងត្រួតពិនិត្យទំនិញជាមុខសញ្ញារត់គេចនិងបន្លំពន្ធ
- បង្កើនប្រសិទ្ធិភាពការបង្ការនិងបង្ក្រាបបទល្មើសឲ្យបានជាប់ជាប្រចាំតាមរូបភាពភ្លៀងរលឹម លើមុខសញ្ញាទំនិញរត់គេចពន្ធសំខាន់ៗ ទាំងនៅដើមទី កណ្តាលទី និងចុងទី
- ជំរុញបង្កើតសន្និធិគយបណ្ដោះអាសន្ន (ផែស្ងួត) និងទីលានត្រួតពិនិត្យទំនិញនៅតាមមាត់ច្រកព្រំដែន ដើម្បីពង្រឹងការគ្រប់គ្រងទំនិញនាំចេញនាំចូល
- បន្តពង្រឹងគុណភាពសេវាបន្ថែមទៀត ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ចួននូវលំហូរនីតិវិធីគយនិងស្តង់ដារការងារ តាមរយៈការអនុវត្តយន្តការច្រកចេញ-ចូលតែមួយនៅតាមកន្លែងផ្តល់សេវាងបង់ពន្ធ និងការប្រើប្រាស់ប្រព័ន្ធ IT ក្នុងការងារគយ
- ចាប់ផ្ដើមរៀបចំផែនការសកម្មភាពឆ្នាំ២០១៧
- រៀបចំសិក្ខាសាលាផ្សព្វផ្សាយដល់គ្រប់ភាគីពាក់ព័ន្ធ អំពីការដាក់ឲ្យអនុវត្តតារាងពន្ធគយ កម្ពុជាឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ តទៅ៕