(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូង តាមរយៈកយកា-KOICA នឹងបន្តជួយមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឲ្យកាន់តែរឹងមាំ និងឲ្យក្លាយជាគំរូនៃការបណ្តុះធុរកិច្ចថ្មី តាមសាកលវិទ្យាល័យ។

បើតាមលោកសាស្ត្រាចារ្យ ជេត ជាលី កូរ៉េខាងត្បូង បានជួយលើការបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា ដោយបានចំណាយថិវកាជាង ៧.៨លានដុល្លារអាមេរិក ទាំងចំណាយទៅលើការសាងសង់អគារ បំពាក់សម្ភារបរិក្ខារ និងការបណ្តុះបណ្តាលបុគ្គលិកនៅក្នុងមជ្ឈមណ្ឌល។ លោកបានបន្តថា ការជួយរបស់កូរ៉េខាងត្បូង នឹងនាំឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រេចចក្ខុវិស័យ ដែលចង់ឃើញយុវជនសិក្សានៅទីនេះ ឬកន្លែងណាក៏ដោយ មិនត្រឹមតែមានចំណេះដឹងទេ តែអាចបង្កើតការងារដោយខ្លួនឯងបាន ដោយមិនបាច់រង់ចាំគេមកជួល។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ ៤ទៀត ដើម្បីបង្កើតបណ្តាញមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតាមសាកលវិទ្យាល័យ។ សាកលវិទ្យាល័យ ៤នោះ រួមមាន សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និងសាកលវិទ្យាល័យជាតិបាត់ដំបង។

សាស្ត្រាចារ្យ ជេត ជាលី បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវហ្នឹង យើងបានជជែកជាមួយសាកលវិទ្យាល័យមួយចំនួន ដែលគាត់បានធ្វើការជាមួយយើង ដែលគាត់បានបញ្ជូននិស្សិតគាត់មក។ យើងចង់ពង្រីកទៅជាបណ្តាញនៃសាកលវិទ្យាល័យមួយ ដែលធ្វើការលើរឿងហ្នឹង (បណ្តុះធុរកិច្ចថ្មី) ជាមួយគ្នា។ ខ្ញុំបានឃើញសាកលវិទ្យាល័យ មួយចំនួនដូចជា សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ និងសាកលវិទ្យាល័យជាតិបាត់ដំបង ចាប់អារម្មណ៍ ដែលតែងតែមកចូលរួមជាមួយយើង»

លោកសាស្ត្រាចារ្យ បានបន្តថា «អីចឹង ខ្ញុំគិតថា យើងនឹងជជែកជាមួយម្ចាស់ជំនួយបន្តទៀត (កយកា) ថាតើយើងអាចពង្រឹងមជ្ឈមណ្ឌលនេះ ឲ្យរឹងមាំជាងហ្នឹង ហើយធ្វើការជាមួយសាកលវិទ្យាល័យផ្សេងទៀត លើសពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកម្រិតណា»

នាឱកាសនោះ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងអំណរគុណពលរដ្ឋកូរ៉េខាងត្បូង ដែលបានផ្តល់ការគាំទ្រ ដល់ការបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា តាមរយៈជំនួយរបស់កយកា។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជំនួយកយកា។

លោកបណ្ឌិត សាន វឌ្ឍនា បានសង្ឃឹមថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ជាបណ្តាញទំនាក់ទំនងជាមួយសាកលវិទ្យាល័យដទៃ លើការងារចាប់ផ្តើមធុរកិច្ចថ្មី, ការគាំទ្រសិស្សានុសិស្សកម្រិតវិទ្យាល័យ, ការដើរតួនាទីជាមជ្ឈមណ្ឌលឧត្តមភាពកម្រិតឧត្តមសិក្សា និងជាមជ្ឈមណ្ឌលដែលផ្តល់ដំណោះស្រាយផ្នែកធុរកិច្ចនៅកម្ពុជា។

សូមជម្រាបថា ការបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា មានគោលបំណង៖

* ១៖ បង្កើតគំរូបណ្តុះអាជីវកម្មនិងបណ្តាញទីផ្សារនៅកម្ពុជា
* ២៖ គាំទ្រដល់មូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ សហគ្រិនភាពវ័យក្មេងនៅកម្ពុជា
* ៣៖ ធ្វើពិពិធកម្មឧស្សាហកម្ម និងជំរុញឧស្សាហកម្ម នៃបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង នៅកម្ពុជា
* ៤៖ ដើម្បីភ្ជាប់ និងបំពេញចន្លោះ រវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារក្នុងប្រទេស ផងដែរ។

នៅល្ងាចថ្ងៃដដែលនោះ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ក៏បានរៀបចំពិធីអបអរសាទរ ក្រុមធុរកិច្ចថ្មី ចំនួន ២០ក្រុម មកពីជំនាន់ទី៣ ទី៤ និងទី៥ នៃកម្មវិធីប្រកួតបណ្ដុះឌីជីថលការចាប់ផ្តើមធុរកិច្ចថ្មី (Bandos Digital Startup Competition) ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលផងដែរ។

បើតាមលោកបណ្ឌិត ស្រ៊ុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានលើកឡើងថា ចាប់តាំងពីការបង្កើតឡើង មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានគាំទ្រ និងបណ្តុះបណ្តាលអ្នកចាប់ផ្តើមធុរកិច្ច ចំនួន ៣១ក្រុម ដោយជោគជ័យ ដែលជាការរួមចំណែកយ៉ាងសំខាន់ ដល់ប្រព័ន្ធអេកូអ្នកចាប់ផ្តើមធុរកិច្ចថ្មី (Startup Ecosystem) នៅកម្ពុជា៕