(ម៉ានីឡា)៖ អង្គការសុខភាពពិភពលោក បានប្រគល់វិញ្ញាបនបត្រ និងពានរង្វាន់ទទួលស្គាល់ ការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលុបបំបាត់ជំងឺជើងធំដូចដំរី (ហ្វីឡារីយ៉ាស៊ីស) បានទាំងស្រុង ជូនលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្នុងកិច្ចប្រជុំគណៈកម្មការថ្នាក់តំបន់ប៉ាស៊ីហ្វិកខាងលិច របស់អង្គការសុខភាពពិភពលោកនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ដែលមានប្រទេសជាសមាជិកចូលរួមទាំងអស់ចំនួន៣៨ប្រទេស នៅការិយាល័យអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
ពានរង្វាន់នេះ ប្រគល់ដោយលោកវេជ្ជបណ្ឌិត យិន យុងស៊ូ នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងមានវត្តមានលោកស្រីវេជ្ជបណ្ឌិត ម៉ាហ្គារ៉ែត ចាន់ អគ្គនាយកអង្គការសុខភាពពិភពលោក ទូទាំងសកលលោក ជូនលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា។
សូមជំរាបថា ជំងឺជើងធំ ដូចដំរីនេះ បង្កឡើងដោយពពួកព្រូនដង្កូវឈ្មោះ វុចឆេរីយ៉ាបង់ក្រូវទី ដែលធ្វើឲ្យជើងហើមធំ ដូចជើងដំរី នៅភាគខាងជើងប្រទេស ដូចជារតនគីរី ស្ទឹងត្រែង និងព្រះវិហារ ជាដើម ហើយប្រជាជននៅតាមតំបន់នេះ អាចរងហានិភ័យ ដោយការឆ្លងជំងឺ ជើងធំដូចដំរី តាមរយៈមូសប្រភេទ អាណូហ្វែល ដែលធ្វើឲ្យប៉ះពាល់ ដល់ប្រព័ន្ធឡាំហ្វាទិក ធ្វើឲ្យជើងឡើងធំ ដូចជើងដំរី។
ដោយមានការគាំទ្រ និងយកចិត្តទុកដាក់ប្រកប ដោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការខិតខំរបស់ក្រសួងសុខាភិបាល និងកម្មវិធីជាតិលុបបំបាត់ជំងឺជើងធំ ដូចជើងដំរី ដោយការផ្តល់ថ្នាំបំបាត់ព្រួនដង្កូវ វុចឆេរីយ៉ាបង់ក្រូទី នៅតំបន់មានហានិភ័យ និងអប់រំសុខភាពដល់ប្រជាជនប្រទេសកម្ពុជា បានលុបបំបាត់ជំងឺជើងធំដូចដំរីនេះ ប្រកបដោយជោគជ័យ ដោយមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក។
នេះជាមោទនភាពជាតិខ្មែរមួយ ដែលបានទទួលពានរង្វាន់នេះ ហើយគឺជាសមិទ្ធិផលរួម របស់ប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព ហើយលោករដ្ឋមន្ត្រី សូមកោតសរសើរ ដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំធ្វើឲ្យមានលទ្ធផលល្អប្រសើរនេះ រហូតឈានទទួលបានពានរង្វាន់ដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាននេះ៕