Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្រុកអង្គរ ទទួលបានបច្ចេកទេសចិញ្ចឹមមាន់ ពីអាជ្ញាធរជាតិអប្សរា

10-10-2016 17:44

(សៀមរាប)៖ ការលើកកម្ពស់សេដ្ឋកិច្ច ក្រុមគ្រួសាររបស់អ្នកស្រុកអង្គរ គឺជាការងារមួយក្នុងចំណោមការងារជាច្រើនទៀត ដែលអាជ្ញាធរជាតិអប្សរាតែងតែ គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់នេះ មានជីវភាពកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈការអភិវឌ្ឍវិស័យកសិកម្ម។

ក្នុងន័យនេះ ទើបនាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍ នៃអាជា្ញធរជាតិអប្សរា បានផ្តល់បច្ចេកទេសចិញ្ចឹមមាន់ ដល់ពួកគាត់ឲ្យចេះពីរបៀបចិញ្ចឹមមាន់រហ័សធំ ហើយឆាប់បានលក់ ដើម្បីបង្កើនប្រាក់ចំណូល ក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារ សម្រាប់ចាយវាយប្រចាំថ្ងៃមួយបន្ថែមទៀត លើការងារស្រែចំការរបស់ពួកគាត់។  

លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍ បានថ្លែងថា អ្នកជំនាញកសិកម្ម នៃអាជ្ញាធរជាតិអប្សរា បានផ្តល់ប្រឹក្សាយោបល់ និងបច្ចេកទេសចិញ្ចឹមមាន់នេះ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង-ស្រុក៥ ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប រួមមាន ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកពួក និងស្រុកអង្គរធំ។ លោក​បន្តថា ការផ្តល់បច្ចេកទេសចិញ្ចឹមមាន់នេះ អ្នកជំនាញបានប្រឹក្សាយោបល់ និងបណ្តុះបណ្តាល ពីរបៀបសាងសង់ទ្រុងមាន់ របៀបជ្រើសរើសពូជមាន់ របៀបផលិតចំណីមាន់ពីធម្មជាតិ របៀបផលិត​ទឹកថ្នាំ​ធម្មជាតិសម្រាប់ឲ្យមាន់ផឹក ដើម្បីការពារជំងឺ របៀបផលិតទឹកថ្នាំធម្មជាតិ សម្រាប់ព្យាបាលពេលមាន់ឈឺ របៀបបោសសម្អាតលាងទ្រុងមាន់ របៀបមើលថែទាំមាន់ ដើម្បីឲ្យមាន់ឆាប់ធំ និងការពារកុំឲ្យមាន់ឈឺ។

លោក បន្ថែមថា បច្ចេកទេសនេះ ពិតជាមានផលប្រយោជន៍ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរនេះ ដោយសារតំបន់អង្គរសម្បូរទៅដោយរុក្ខជាតិច្រើនបែបយ៉ាង សម្រាប់យក​មក​ផ្សែផ្សំផលិតធ្វើជាចំណី និងថ្នាំព្យាបាលដល់មាន់ ដែលនេះហើយជាកត្តាអំណោយផលដ៏ល្អប្រពៃ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ មិនចាំបាច់ចំណាយលុយច្រើន ទៅលើការទិញថ្នាំ និងចំណីសត្វ​ទៀតផង។

គួររំឭកថា ទន្ទឹមគ្នានឹងការថែរក្សា ការពារ និងអភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ និងបរិស្ថាននៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា ក៏មិនដែលភ្លេចទេ នូវការអភិវឌ្ឍជីវភាពរបស់​ប្រជាពលរដ្ឋ ដែលជាអ្នកថែរក្សាទំនៀមទម្លាប់បុរាណ នៅក្នុងតំបន់អង្គរនេះ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ  រស់នៅសមរម្យ និងគ្មានការព្រួយបារម្ភពីការប្រកបមុខរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃ៕