(ភ្នំពេញ)៖ ក្រុមយុវជនស្រឡាញ់បរិស្ថាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាននាំគ្នាចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីផលប៉ះពាល់សំណល់សំរាមប្លាស្ទិក ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ការដើរជាក្បូនជាមួយនឹងបដានៃពាក្យស្លោករបស់ក្រសួងបរិស្ថាន«កម្ពុជាស្អាត ខ្មែរធ្វើបាន», «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រុមយុវជនទាំងនោះ បានដាក់គោលដៅ និងចុះធ្វើការពន្យល់ដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋដែលមកកម្សាន្ត ក៏ដូចជាអាជីវករដែលតាំងលក់ផលិតផល នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ក្រុមយុវជនមកពីសមាគមស្រ្តីទ្រទ្រង់សន្តិភាព និងសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានយល់ថា នេះជាឱកាសដ៏ល្អមួយ សម្រាប់យុទ្ធនាការផ្សព្វផ្សាយពីការទុកដាក់សំរាម និងសំណល់ប្លាស្ទិកបានត្រឹមត្រូវ ខណៈរាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានបានធ្វើជាហូរហែនាពេលកន្លងមក និងកំពុងជំរុញ ដើម្បីឱ្យកម្ពុជាស្អាតបន្ថែមទៀត ពិសេសឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស។

អ្នកនាង ឃុត ណារឿន ប្រធានសមាគមស្រ្តីទ្រទ្រង់សន្តិភាព បានឱ្យដឹងថា នៅថ្ងៃទី១ ចុះពន្យល់ និងណែនាំប្រជាពលរដ្ឋ ក៏ដូចជាអាជីវករដែលតាំងលក់ផលិតផលនៅតំបន់កម្សាន្តកោះពេជ្រ ខណៈថ្ងៃទី២ធ្វើនៅជ្រោយចង្វារ ត្រើយខាងកើតទន្លេសាប និងថ្ងៃទី៣នៅតំបន់កម្សាន្តមុខវត្តបទុមវត្តី និងវិមានឯករាជ្យ។

«សមាគមទាំងពីរបានសហការជាមួយក្រសួងបរិស្ថាន ដើម្បីចុះពន្យល់ ណែនាំប្រជាពលរដ្ឋខ្មែរយើង ដែលមកកម្សាន្ត ក៏ដូចជាអាជីវកម្មដែលតាំងលក់ផលិតផល នាឱកាសនៃព្រះរាជពិធីបុណ្យទាំងបីថ្ងៃនេះ»

ចំណែក កញ្ញា ប៉េង ឈុយ សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានឱ្យដឹងថា ការចុះពន្យល់នេះ មានការទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ បូករួមទាំងការញែកសំណល់សំរាម ដែលបានប្រើប្រាស់រួមដូចជាថង់ប្លាស្ទិក ដបទឹកជ័រ ប្រអប់ស្នោជាដើម។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ខណៈក្រសួងបរិស្ថាន បាននិងកំពុងខិតខំអប់រំបង្កើនចំណេះដឹងចំពោះការទុកដាក់សំរាម ក្នុងនោះបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយជំរុញ ឱ្យមានការចូលរួម រក្សាបាននូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈភាពស្អាត គ្មានសំណល់ប្លាស្ទិកនៅតាមសាលារៀន នឹងឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស។ 

សូមបញ្ជាក់ថា នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម មីហ្សុដា បានបន្ថែមធុងសំរាមថ្មីចំនួនជាង១ពាន់ធុង លើធុងសំរាមដែលមានស្រាប់ប្រមាណ៣ពាន់ធុង សម្រាប់ដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា។ ទន្ទឹមនេះ ក្រុមហ៊ុនប្រមូលសំរាម មីហ្សុដា ក៏បានពង្រាយរថយន្តដឹកសំរាមចំនួន២០គ្រឿង និងកម្មករប្រមូលសំរាមជាង២០០នាក់ តាមគោលដៅនៅក្នុងខណ្ឌដូនពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យ និងជាគោលដៅដែលពលរដ្ឋសម្រុកទៅលេងកម្សាន្តច្រើន៕