ប្រើប្រាស់រូបភាពដឹកឈើក្រហមជាង២០ម៉ែត្រគូប យកមកសង់ផ្ទះ តែគ្មានច្បាប់អនុញ្ញាត រងចាំរត់ការសិន
10-10-2016 17:29
(ពោធិ៍សាត់)៖ កម្លាំងចម្រុះ រួមមានអាវុធហត្ថក្រុងពោធិ៍សាត់ សហការជាមួយមេព្រៃ បានស្ទាក់ចាប់ឃាត់រថយន្តយីឌុបមួយគ្រឿង ដឹកឈើក្រហមជាង២០ម៉ែត្រគូប គ្មានច្បាប់អនុញ្ញាត បច្ចុប្បន្នរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ រងចាំម្ចាស់រត់ការច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវកៅស៊ូលេខ១៥៥ ចន្លោះបង្គោលគីឡូម៉ែត្រ១៥៥ និង១៥៦ ស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រភេទឈើក្រហមទាំងអស់នេះ មានប្រមាណ ២០ម៉ែត្រគូប បច្ចុប្បន្នមិនទាន់វាស់វែងអ្វីនៅឡើយទេ ហើយមានអភិបាលរងស្រុកកណ្តៀងឈ្មោះ អ៊ុង រដ្ឋា និងអ្នកសារព័ត៌មានឈ្មោះ ខន ចេញមុខមកដោះស្រាយ។ ប្រភពបានបន្តថា ប្រភេទឈើក្រហមទាំងអស់នេះគ្មានច្បាប់អនុញ្ញាតនៅឡើយទេ តែអ្នកចេញមុខមកដោះស្រាយថានឹងស្នើសុំច្បាប់ពីអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ដើម្បីយកមកធ្វើផ្ទះ។
ប្រភពបន្ថែមថា បើទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពនៃការដឹកឈើបន្លំដោយប្រើរូបភាពដូច្នេះ ត្រូវគេដឹងថា មានតែសមាសភាពមេឈ្មួញទេ ដែលហ៊ានធ្វើបែបនេះ៕