(កណ្ដាល)៖ ក្មេងអភ័ព្វ២នាក់ បងប្អូនបង្កើតនឹងគ្នា កើតមកមានជំងឺភ្នែកជាប់នឹងខ្លួន ពេលនេះ កំពុងអំពាវនាវរកសប្បុរសជនឲ្យជួយ ដើម្បីរកថវិកាក្នុងការវះកាត់ ព្រោះគ្រួសារនេះ មិនមានប្រាក់គ្រប់គ្រាន់នោះទេ ពេលខ្លះសឹងតែគ្មានលុយទិញម្ហូបប្រចាំថ្ងៃទៀតផង។

គ្រួសារអភ័ព្វនេះ រស់នៅភូមិបាត់តាជី ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្ដាយរបស់ក្មេងអភ័ព្វ ឈ្មោះ ឈិន ថារី អាយុ៣០ឆ្នាំ និងឪពុកឈ្មោះ ឌួង សំណាង អាយុ៣៨ឆ្នាំ មុខរបរជាលក់ផ្កា បានប្រាប់ឲ្យដឹងថា កូនរបស់គាត់ទាំង២នាក់នេះ ទី១-ជាកូនស្រី ឈ្មោះ ឌូង បញ្ញា អាយុ១៤ឆ្នាំ និងទី២-ជាកូនប្រុស ឈ្មោះ ឌួង លីហៀង អាយុ២ឆ្នាំ មានជំងឺភ្នែកតាំងពីកំណើតមកម្ល៉េះ ហើយគាត់ធ្លាប់បានយកកូនទៅបកភ្នែក រួចមកហើយ ប៉ុន្ដែមិនជានោះទេ។

គាត់បន្ថែមថា គ្រូពេទ្យ បាននិយាយថា «ប្រសិនបើចង់ឲ្យភ្នែកកូនរបស់ខ្ញុំ ដូចជាមនុស្សធម្មតាវិញ ទាល់តែធ្វើការវះកាត់ ហើយការវះកាត់នេះ ត្រូវចំណាយលុយច្រើនណាស់ ព្រោះភ្នែកមួយគ្រាប់តម្លៃ ២,០០០ដុល្លារ ឯណោះ ដូច្នេះខ្ញុំមិនមានលុយ ក្នុងការវះកាត់នោះទេ ដោយពេលខ្លះសឹងតែរកលុយទិញម្ហូបមិនបានផង»

ម្ដាយឪពុកក្មេងកំសត់ បានបញ្ជាក់ទៀតថា កូនរបស់គាត់មិនអាចទៅរៀនបាននោះទេ ក៏ព្រោះតែភ្នែកមើលមិនឃើញ ហើយគាត់ពិបាកចិត្តខ្លាំងណាស់ មិនដឹងរកអ្នកណាឲ្យជួយបាននោះទេ ហើយពេលនេះគាត់សំពះ អង្វរ រកសប្បុរសជន ឲ្យជួយដល់គ្រួសារ ដ៏អភ័ព្វរបស់គាត់ផង។

គួរបញ្ជាក់ថា នៅព្រឹកមិញនេះ លោកឧកញ៉ាដ៏មានប្រជាប្រិយភាព ហុង ពីវ បានជួយសង្គ្រោះទារិកាម្នាក់ ដែលបញ្ហាភ្នែកដូចក្មេង២នាក់ខាងលើនេះ ហើយគ្រួសារអភ័ព្វនេះ ក៏សង្ឃឹមថា លោកកឧញ៉ា នឹងជួយសង្គ្រោះកូនដ៏អភ័ព្វរបស់ពួកគាត់ដូចគ្នា។ បើសប្បុរសជនណាមានទឹកចិត្តជួយសង្គ្រោះក្មេងទាំង២នាក់អាចទាក់ទងមកលេខទូរស័ព្ទ 070 999 015៕

http://image.freshnewsasia.com/2016/019/05/fn-2016-10-10-17-07-07-3.jp